(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ​មហា​ប្រ​ល័យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន​ដល់​ការ​រីកសាយភាយអាវុធមហាប្រល័យ និង នីតិវិធីស្តីពីការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាពក្នុងបញ្ជីរួម របស់ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការសហប្រជាជាតិ ឬរបស់គណៈកម្មាធិការនៃក្រុមប្រឹក្សានេះ។

សិក្ខាសាលានេះ បានធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ នៃកបទ.សអ ដោយមានការចូលរួមពីតំណាងអង្គការ​មិនមែន​រដ្ឋាភិបាលបរទេសនៅកម្ពុជា សរុបចំនួន ១៧០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយច្បាប់ និងនីតិវិធីអនុវត្តខាងលើ ដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា ដែលពុំធ្លាប់ចូលរួមក្នុងសិក្ខាសាលា​របស់ កបទ.សអ ឬពុំទាន់យល់ច្បាស់អំពីប្រធានបទខាងលើ។

រហូតមកទល់ពេលនេះ កបទ.សអ បានរៀបចំសិក្ខាសាលាអំពីប្រធានបទនេះចំនួនបួនលើក ដើម្បីធានាថាអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់នៅកម្ពុជា យល់ដឹង និងអាចអនុវត្តកាតព្វកិច្ចជាបុគ្គលរាយការណ៍របស់ខ្លួនបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ អនុវត្តវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

នៅចុងបញ្ចប់នៃសិក្ខាសាលា សិក្ខាកាមត្រូវបានស្នើឱ្យផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីកិច្ចការប្រឆាំង​ដល់ការរីកសាយភាយ​អាវុធមហាប្រល័យ និងអនុវត្តតាមច្បាប់ និងនីតិវិធីខាងលើ៕