(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២២នេះ បាននាំយកម៉ាសចំនួន ១៥០០០ម៉ាស ចែកជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរផ្សារកំពង់ប្រណាក ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក វុធ សាវី បានថ្លែងប្រាប់ឱ្យថា បន្តាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីស្ថានភាពជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានរកឃើញឡើងវិញនៅកម្ពុជា តាមរយៈការធ្វើតេស្តដោយម៉ាស៉ីន PCR ចំពោះអ្នកមកពីក្រៅប្រទេស និងអ្នកទៅក្រៅប្រទេស ក៏ដូចជារកឃើញនៅនៅក្នុងសហគមន៍តាមរយៈការធ្វើតេស្តរហ័ស។

សារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការអំពាវនាវផងដែរ ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការនានា ដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល បានដាក់ចេញកន្លងមក ពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ទី៣ ទី៤ ទី៥ ឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពសាំនៅក្នុងរាងកាយ។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លោក វុធ សាវី បាននាំយកម៉ាស់ចំនួន ១៥០០០សន្លះ ទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅក្នុងផ្សារកំពង់ប្រណាក ហើយលោកអំពាវនាវឱ្យប្រជាពលរដ្ឋនិងបងប្អូនអាជីវករ ត្រូវអនុវត្តន៍ឱ្យបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍សាជាថ្មី៕