(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំពេញអង្គអាណត្តិទី២ លើកទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន៥៧រូប ដើម្បីអនុម័តផែនការសកម្មភាពជាតិ ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច២០២២-២០២៦។

ផ្ដើមចេញពីគោលនយោបាយជាតិ ស្ដីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច ផែនការសកម្មភាពជាតិ ត្រូវបានរៀបចំឡើង ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ បង្កើតបាននូវបរិយាកាស ឲ្យកុមាររស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព មានអាហារូបត្ថមគ្រប់គ្រាន់ និងឱកាសរៀនសូត្រពីដំបូង សម្រាប់ពួកគេមានឱកាសអភិវឌ្ឍសុខភាពរាងកាយ ផ្លូវចិត្ត និងបញ្ញាពេញសក្ដានុពល របស់ពួកគេម្នាក់ៗ។

ផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច២០២២-២០២៦ បានរៀបចំឡើងតាមរយៈការពិគ្រោះយោបល់បែបពហុវិស័យ និងបានបង្ហាញអំពីស្ថានភាពបច្ចុប្បន្នក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច ឧត្តមានុវត្តន៍ដែលទទួលបានពីការអនុវត្តផែនការសកម្មភាពជាតិស្ដីពីការគាំពារ និង អភិវឌ្ឍន៍កុមារតូចកន្លងមក បញ្ហាប្រឈមដែលជាអាទិភាពត្រូវបន្តដោះស្រាយ និងការបន្ស៊ីយុទ្ធសាស្ត្រជាមួយគោលនយោបាយជាតិនិងសកល និងផែនការយុទ្ធសាស្ត្រវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ផែនការសកម្មភាពជាតិនេះ ជាផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តសកម្មភាព ដើម្បីសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល តាមរយៈការកំណត់សូចនាករជាក់លាក់ សម្រាប់វាស់វែងផលសម្រេចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បន្ទាប់ពីផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច២០២២-២០២៦ ត្រូវបានទទួលការអនុម័តជាផ្លូវការ លោកបណ្ឌិតសភាចារ្យប្រធាន បានស្នើលោក លោកស្រី និងតំណាងក្រសួង ស្ថាប័ន និងគ្រប់អ្នកពាក់ព័ន្ធ ត្រូវប្រែក្លាយផែនការសកម្មភាពជាតិនេះ ទៅជាសកម្មភាពអនុវត្តជាក់ស្តែង តាមរយៈការដាក់បញ្ចូលសកម្មភាពពាក់ព័ន្ធ ទៅក្នុងផែនការយុទ្ធសាស្ត្រថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារកម្ពុជាគ្រប់ៗរូប៕