(ភ្នំពេញ)៖ លោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងនូវការអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ការសាទររបស់លោក បណ្ឌិត Takeshi kasai បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក Takeshi kasai សូមសម្ដែងនូវការគោរព និងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់ សម្ដេចតេជោក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងសកម្មរបស់ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលមន្ទីរសុខាភិបាលយុវជនស្ម័គ្រចិត្តនិងប្រជាជនកម្ពុជា។

លោកសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ លោកបានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖

* ទី១៖ កម្ពុជាដើរតួជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ * ទី២៖ កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគ និងឆ្លើយតបទាន់ពេលវេលាទៅនឹងការរបស់ជំងឺកូវីដ១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។
* ទី៣៖ លោកមានសេចក្ដីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ដែលបានទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា។ ពេលនោះ មានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមានកន្លែងចូលចត។ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូលចតប្រទេសដទៃទៀត ក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ កម្ពុជាជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជន ដែលជាប់នៅលើកប៉ាល់នាពេលនោះ។

លោកបានបន្ថែមទៀតថា លោកប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជំងឺដទៃទៀតដូចជា៖ ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជាកំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ទេ។

សម្ដេចបន្តថា ចំពោះការចុះចតកប៉ាល់ Westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ១៩។ ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចតគឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ ៕