(កណ្ដាល)៖ នៅល្ងាចថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១គ្រួសារ នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយមើលឃើញពីការលំបាកជាក់ស្ដែង ហើយគ្រួសាររងគ្រោះជាមន្ត្រីនៅសាលាខេត្តកណ្ដាល ដែលជិតចូលនិវត្តន៍ផងនោះ លោកអភិបាលខេត្ត បានស្នើដល់ក្រុមការងារពាក់ព័ន្ធ ត្រូវសិក្សា និងកៀរគររកសប្បុរសជន ដើម្បីជួយឧបត្ថម្ភសាងសង់លំនៅដ្ឋានសមរម្យជូនដល់គាត់ផងដែរ។

ក្នុងពេលជួបសំណេះសំណាលនះ លោក គង់ សោភ័ណ្ឌ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ព្រមទាំងបានចូលរួមរំលែកការ សោកស្តាយពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងបានយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ពូជសាសន៍ សាសនា ប្រពៃណី ឬ និន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨:៥៥នាទី មានករណីអគ្គីភ័យភ្លើងឆេះផ្ទះ០១ខ្នង ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មានទំហំ០៥ម៉ែត្ត×០៧ម៉ែត្រ ធ្វើឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី បណ្ដាលឲ្យខូចខាត ប្រាក់រៀល ៤០០.០០០រៀល ប្រាក់ដុល្លា ៤០០ដុល្លារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះត្រូវឆេះអស់ទាំងស្រុង។

ជំនួយសង្គោះបានផ្តល់ជូនរួមមាន៖ អង្ករ ៥០គឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ម៉ាស១ប្រអប់ ជែលលាងដៃ១ដប កៅស៊ូតង់១ផ្ទាំង ថវិកាចំនួន១លានរៀល។ ក្នុងពេលជាមួយគ្នានេះ សមាគមមិត្តដើម្បីមិត្ត បានជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះតាមរយៈប្រធានគណៈកម្មាធិការសាខានូវទឹកប្រាក់បន្ថែមចំនួន ២០ម៉ឺនរៀលផងដែរ៕