(កំពង់ឆ្នាំង)៖ គណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២នេះ បានរៀបចំប្រារព្វធ្វើមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សឃុំកំពង់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក កែវ ពៅ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់លែង ទទួលបន្ទុកឃុំកំពង់ហៅ និងលោក ឆាយ លាភា សមាជិកគណៈកម្មាធិកាគណបក្សខេត្ត និងជាប្រ ធានក្រុមការងារចុះមូលដ្ឋាន ឃុំកំពង់ហៅ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការគណបក្ស ឃុំកំពង់ហៅ ស្រុកកំពង់លែង ជាច្រើន។

លោក កែវ ពៅ បានអានសារសម្តេច ហ៊ុន សែន ដោយបានគូសបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ ជាថ្ងៃគម្រប់ខួប៧១ឆ្នាំ នៃការបង្កើតគណប ក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។

ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួល នូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គ នៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេង ដែលមានអត្ថន័យជ្រាលជ្រៅបំផុត ចំពោះការឋិតថេរគង់វង្ស និងរីកចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។

លោកអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះស្រុកកំពង់លែង បានបន្តទៀថា ប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេស ជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ខ្លឹមសារនៃសុន្ទរកថា ក៏បានបញ្ជាក់ផងដែរថា រយៈពេល៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាង ច្រើនទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផងដែរ។

ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត គិតគូអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានធ្វើការព្យាបាល ថែទាំ និងរកវ៉ា ក់សាំងបង្ការជំងឺកូវីដ-១៩ យកមកចាក់ជូនប្រជា ពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

ប្រជាជនកម្ពុជា ទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលធ្វើឱ្យយើងមានអ្វីៗនៅថ្ងៃនេះ។ ព្រមជាមួយនេះ លើមូលដ្ឋានជ័យ ជម្នះ ៧ មករា បក្សប្រជាជនបដិវត្តន៍ខ្មែរ ក៏ត្រូវបានកសាងឡើងវិញ ដោយមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍កម្ពុជា និងបន្ទាប់មក ត្រូវបានប្តូរឈ្មោះថា គណបក្សប្រជាជនកម្ពុជា ដើម្បីធានាការដឹកនាំប្រទេសក្នុងដំណាក់កាលថ្មីៗ៕