(បាត់ដំបង)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានបើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិអន្តរជាតិពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តបាត់ដំបង។

វគ្គអប់រំផ្សព្វផ្សាយខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នុត សាអាន ប្រធានគណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម, លោក សៀង ឡាប្រេស អនុប្រធាន គណ:កម្មាធិការជាតិ ប្រឆាំងទារុណកម្ម, លោក ខូយ រីដា អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង តំណាងក្រុមប្រឹក្សាខេត្ត, តំណាងនាយករដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានាជុំវិញខេត្ត អភិបាលក្រុង.ស្រុកប្រធានពន្ធនាគារខេត្ត, មេបញ្ជាការនិងកងកម្លាំងរាជអាវុធហត្ថខេត្តក្រុងស្រុក, កងកម្លាំងស្នងការនគរបាលខេត្ត ក្រុង ស្រុក សរុបអ្នកចូលរួម១៤០នាក់។

វគ្គអប់រំផ្សព្វផ្សាយនេះ បានធ្វើឡើងក្នុងគោលបំណងនៃការបើកវគ្គអប់រំផ្សព្វផ្សាយ គឺដើម្បីផ្តល់ការយល់ដឹង ដល់អ្នកមានសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬជនដែលអាចនឹងត្រូវបានដកហូតសេរីភាព៖

*ធានាបង្ការ ទប់ស្កាត់ ប្រឆាំងទារុណកម្ម ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកលើជនដែលត្រូវបានដកហូតសេរីភាព។
*ធានាឱ្យមានប្រព័ន្ធត្រួតពិនិត្យទៀងទាត់មួយឯករាជ្យ នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូត សេរីភាព។
*ធានាថាមន្រ្តីសាធារណៈជាអ្នកគ្រប់គ្រងមនុស្ស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការគោរព។

លោក នុត សាអាន បានថ្លែងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានតួនាទីជាយន្តការបង្ការថ្នាក់ជាតិមួយ មានឯករាជ្យភាព នៅពេលបំពេញមុខងាររបស់ខ្លួន។ ជំហានថ្មីមួយទៀតដើរតួជាប្រព័ន្ធត្រួតពិនិត្យទៀងទាត់ នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព រួមមាន៖ ពន្ធនាគារ យោធា រាជធានី ខេត្ត ទាំង ផ្នែកព្យាបាលជនវិកលចរិក មណ្ឌលអប់រំកែប្រែស្តារនីតិសម្បទា សម្រាប់អនីតិជន កន្លែងឃុំខ្លួនបណ្តោះ
អាសន្ន របស់នគរបាលយុត្តិធម៌ មណ្ឌលសម្រាប់ជនទេសន្តប្រវេសន្ត មណ្ឌលអប់រំព្យាបាលសុខភាពផ្លូវចិត្ត មណ្ឌលសំចតសង្គមកិច្ច និងស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀននិងមណ្ឌលអប់រំផ្សេងៗទៀត
។ ទាំងអស់នេះធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនទាំងនោះ ពីទារុណកម្ម ទណ្ឌកម្ម ដែលមានចរិកឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក។

លោកបានបន្ថែមថា តាមរយៈនៃការអប់រំផ្សព្វផ្សាយនេះ លោកសូមឱ្យអ្នកមានសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬ ជនដែលនឹងត្រូវបានដកហូតសេរីភាព ត្រូវបង្កើនការយល់ដឹង ដើម្បីធានាបង្ការទប់ស្កាត់ទៅ នឹងអំពើឃោរឃៅ អមនុស្សធម៌ស្របតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន និងធានាថា មន្ត្រីសាធារណៈ ជាអ្នកគ្រប់គ្រងមនុស្ស ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនត្រូវ អនុវត្តប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្មទើបតែបង្កើតឡើង ដូចនេះប្រឈមទៅនឹងបញ្ហាជាច្រើន តែទោះជាយ៉ាងនេះ ត្រូវតែខិតខំពង្រឹងតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឱ្យរាជ
រដ្ឋាភិបាល ក្នុងការការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីការធ្វើទារុណកម្មមកលើខ្លួន។

លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ គ្រូឧទ្ទេសជំនាញផ្សេងៗ ដើម្បីទទួលបានការយល់ដឹងច្បាស់ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ សម្រាប់ជាមូលដ្ឋានក្នុងការបំពេញតួនាទី
ភារកិច្ចឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់នៅពេលអនុវត្តការងាររបស់ខ្លួនក្រោយពេលបញ្ចប់វគ្គផ្សព្វផ្សាយនេះផងដែរ។

ក្នុងឱកាសបិទបញ្ចប់វគ្គផ្សាយលោកប្រធាន បានឲ្យដឹងថា គណ:កម្មាធិការជាតិប្រឆាំងទារុណកម្ម មិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ទេ គ្មានសិទ្ធដាក់ទោសទណ្ឌជនណាម្នាក់ឡើយ តែអង្គភាពនេះ មានសិទ្ធិចុះត្រួតពិនិត្យពន្ធធនាគារ ឬ គ្រប់ទីកន្លែងឃុំខ្លួន តែបើឃើញជាក់ស្តែងថា មន្រ្តីគ្រប់គ្រងទណ្ឌិតកន្លែងណាមួយ គឺក្រុមការងារលោកបានឃើញបទល្មើសធ្វើទារុណកម្មជាក់ស្តែងទៅលើជនត្រូវបានដកហូតសេរីភាពនោះ មន្រ្តីជំនាញយើងមានសិទ្ធធ្វើរបាយការណ៍បញ្ជូន ទៅអង្គភាព ឬថ្នាក់លើជ្រាបរបាយការណ៍។

ដោយឡែកជនដែលត្រូវដកហូតសិទ្ធសេរីភាព គឺមិនទាន់ជាទណ្ឌិតនៅឡើយ ឬ ជនដែលមិនទាន់បើកសវនាការ ឬ កាត់ទោស ឬ មិនទាន់ប្រកាសសាលក្រម ដល់ជននោះនៅឡើយ និយាយរួម ជនដែលត្រូវសិទ្ធនោះគឺ គិតទាំងជនសង្ស័យដែលឃុំខ្លួនមិនទាន់កាត់ក្តីនិងជនជាទណ្ឌិតដែលតុលាការបានចេញសាលក្រមជាផ្លូវការឲ្យឃុំខ្លួនផងដែរ៕