(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសុខសន្តិភាព និងការអភិវឌ្ឍ ដូច្នេះ បើមានសន្តិភាពទើបអាចអភិវឌ្ឍន៍។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «សូមអរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ សេចក្ដីសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតរយៈពេលកន្លងទៅ ហើយបោះឆ្នោតឱ្យគណបក្សប្រជាជនមានអត្ថន័យច្បាស់លាស់ ជាសារបញ្ជាក់ថាគាំទ្រសន្តិភាព និងការអភិវឌ្ឍ»

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ គឺជាការប្រកួតប្រជែង នៅក្នុងដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់បន្ថែមថា៖ «ពិតហើយ គឺខ្ញុំសុំអរគុណជាមួយការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ សម្រាប់ការបោះឆ្នោត ទោះបីបោះឱ្យបក្សណាក៏ដោយដែលបង្កើតនូវស្ថានភាពមួយដ៏ល្អ ដែលមានប្រជាជនជាង៨០ភាគរយ បានចូលរួមបោះឆ្នោត និងនិយាយជារួម ហើយនិយាយដោយឡែក គឺការបោះឆ្នោតឱ្យគណបក្សប្រជាជន ដែលមានសំឡេងជាង ៧៤ភាគរយ គឺជាចំនួនដ៏ច្រើន ដែលធ្វើឱ្យគណបក្សប្រជាជន គ្រប់គ្រងអាសនៈជាង៨០ភាគរយ នៃអសនៈ ហើយស្មើនឹង ៩៩.៧៣ភាគរយ នៃតំណែងមេឃុំ ដែលជាចំនួនមួយសន្ធឹកសន្ធាប់ ដែលជាដំណើរការធម្មតា នៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្រាប់ការជឿទុកចិត្តឱ្យគណបក្សប្រជាជន បន្តការដឹកនាំទាំងថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ហើយសង្ឃឹមថាបងប្អូននឹងផ្តល់ឱកាសសម្រាប់គណបក្សប្រជាជន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នៅបន្តលើកឡើងថា៖ «ការបោះឆ្នោតឱ្យគណបក្សប្រជាជន គឺជាការបោះឆ្នោតឱ្យខ្លួនឯង ដើម្បីរក្សាសេចក្ដីសុខ សន្តិភាព បើមានសន្តិភាពទើបអាចអភិវឌ្ឍន៍បាន កុំចាំដល់ពេលបាត់សន្តិភាព ទើបនាំគ្នាស្រែករកសន្តិភាព ពិបាកណាស់ សង្គ្រាមឆ្នាំ១៩៧០ ប្រជាជនរបស់យើងស្លាប់ និងរបួស មិនតិចទេ»

សូមជម្រាបថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សចំនួន៩ប៉ុណ្ណោះ ដែលទទួលបានអាសនៈ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

ក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុបចំនួន ៧,៣៩៤,៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់។ ក្នុងនោះមានសំឡេងបានការចំនួន ៧,២៣៧,០៣៧នាក់ និងសំឡេងមិនបានការចំនួន ១៥៧,៣៩០នាក់៕