(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលមួយចំនួន ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អគារសិក្សា និងទីចាត់ការដ៏ថ្មីសន្លាង ស្កឹមស្កៃនេះ ក្រៅតែពីបំពាក់ទៅដោយសម្ភារ បរិក្ខាទំនើបទៅ ក៏មានសង់ជម្រាលសម្រាប់អ្នកពិការអង្គុយលើរទេះផងដែរ ពោលគឺសាងសង់តាមលក្ខណៈបរិយាប័ន។ សមិទ្ធផលនៅទីនេះ ស្ថាបនាឡើងដោយចំណាយថវិកាអស់ប្រមាណជាង ៣០ម៉ឺនដុល្លារ ក្នុងនោះ ១៥ម៉ឺនដុល្លារ គឺជាថវិការបស់លោក វង សូត ចំណែក១៥ម៉ឺនដុល្លារទៀត គឺជាថិការបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោករដ្ឋមន្ត្រី វេង សាខុន។

លោក អ៊ុក ញ៉ នាយកអនុវិទ្យាល័យពន្លៃ តំណាងលោកគ្រូ អ្នកគ្រូ ថ្នាក់គ្រប់គ្រងសាលា សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អ្នកអាណាព្យាបាលក្នុងមូលដ្ឋាននេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី វង សូត ដែលបានសាងសង់សាលានេះទីនេះ ព្រោះសាលានេះពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការអំរប់បណ្តុះបណ្តាលសិស្សានុសិស្សក្នុងមូលដ្ឋាននេះ។

បន្ទាប់ពីនេះទៅលោករដ្ឋមន្ត្រី វង សូត បានអញ្ជើញទៅពិនិត្យមើលដំណើរការសាងសង់ នៃសាលាបឋមសិក្សាអន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ។

ក្រៅពីនេះទៅលោក វង សូត ក៏បានអញ្ជើញទៅពិនិត្យផ្លូវលំ១ខ្សែ ចាក់គ្រួសក្រហម ប្រវែងជាង ៣គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រែវែង ដែលត្រូវបានប្រជាពលរដ្ឋត្រេកអរសាទរយ៉ាងខ្លាំង ដោយពួកគាត់បានលើកឡើងថាមុននេះ ផ្លូវមួយខ្សែនេះពិបាកធ្វើដំណើរយ៉ាងខ្លាំង។

លោក វង សូត បានអញ្ជើញទៅពិនិត្យមើលដំណើរការសាងសង់សាលាបឋមសិក្សាធ្លក ស្ថិតនៅក្នុងភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលនៅទីនោះក្រៅតែពីសាលារៀនទៅលោកក៏បានប្រាប់ឱ្យអ្នកពាក់ព័ន្ធគិតគូរក្នុងការស្ថាបនារបង ក្លោងទ្វារ និងចាក់ដីបំពេញបន្ថែមផងដែរ៕