(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងសហការី បានអញ្ជេីញដល់មកកម្ពុជាវិញហេីយ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីរយៈពេល៤ថ្ងៃ ប្រកបដោយជោគជ័យ។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងសហការី បានអញ្ជេីញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដេីម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី «ការលេីកកម្ពស់សន្តិភាព ភាពសុខដុម ការរួបរួម និង ភាពចម្រុះ ក្នុងចំណោមថ្នាក់ដឹកនាំឥស្លាមទូទាំងពិភពលោក» ក្រោមអធិបតីភាពលោក Dato' Sri Ismail Sabri bin Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

សន្និសីទអន្ដរជាតិនេះ ត្រូវបានរៀបចំដោយ ទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាមម៉ាឡេស៊ី សហការជាមួយអង្គការសម្ព័ន្ធពិភាពឥស្លាម (RABITA) ដោយមានការអញ្ជេីញចូលរួមពីមេដឹកនាំសហគមន៍ឥស្លាម អ្នកនយោបាយ និងសាសនាវិទូ មកពី២០ប្រទេសក្នុងតំបន់អាស៊ី ដែលបានប្រារព្ធឡេីងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

នៅមុនពេលចូលរួមសន្និសីទខាងលេី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ លោក Datuk Seri M. Saravanan រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី ដេីម្បីពិភាក្សាលេីតម្រូវការរបស់ប្រទេសម៉ាឡេស៊ី ក្នុងការទទួលយកពលករពីកម្ពុជាដេីម្បីបម្រេីការងារផ្នែកសេវាកម្ម និងផ្នែកផ្សេងៗទៀត។

ម៉ាឡេស៊ីបានកែសម្រួលលក្ខខណ្ឌការងារកាន់តែល្អប្រសេីរ ព្រមទាំងបៀវវត្សរ៍កាន់តែខ្ពស់។ តាមគ្រោង លោករដ្ឋមន្ត្រី នឹងអញ្ជេីញមកទស្សនកិច្ចនៅកម្ពុជា និងជួបពិភាក្សាការងារជាមួយ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាចុងខែកក្កដា ឆ្នាំ២០២២នេះ។

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក Dato' Abdul Fattah Abdullah ប្រធានសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) ប្រធានសហករណ៍អាស៊ាន (ACO) និងជាអនុប្រធានសហករណ៍អាស៊ីប៉ាស៊ីហ្វីក ដើម្បីបន្តរឹតចំណងមិត្តភាព និងសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារពាណិជ្ជកម្ម វិនិយោគ ទីផ្សារការងារ ពលករ កម្ពុជា និងការងារសហគមន៍ឥស្លាមកម្ពុជា។

ANGKASA ជាសហករណ៍ជាតិម៉ាឡេស៊ីដ៏ធំមួយ បង្កើតឡើងនៅឆ្នាំ១៩៧១ មានដៃគូសហការណ៍ចំនួន១៣,៤២៨ និងសមាជិក ៧,០៦៦,២២២លាននាក់ ជាមួយនឹងដើមទុន ១៣០,៧៤០.៦៨លានរីងហ្គិតម៉ាឡេស៊ី ដែលបានចូលរួមគ្នាមកពីគ្រប់មជ្ឈដ្ឋានការងាររកស៊ីនៅម៉ាឡេស៊ី។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជួបជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័ន អង្គការ-សមាគមមនុស្សធម៌នានា និងថ្នាក់ដឹកនាំម៉ាឡេស៊ី ដេីម្បីពង្រឹងទំនាក់ទំនង និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វេីឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា និងការស្តារ និងដោះស្រាយបញ្ហានានា កំឡុងពេលកូវីដ១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ។

ជាមួយគ្នានោះដែរ បណ្តាថ្នាក់ដឹកនាំទាំងនោះ ក៏បានមានការភ្ញាក់ផ្អេីល ព្រមទាំងបានថ្លែងនូវការកោតសរសេីរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការបានយ៉ាងល្អប្រសេីរឆ្លេីយតបទៅនឹងវិបត្តិកូវីដ១៩ និងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋបានរហូតដល់ដូសទី៥។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានអញ្ជេីញទៅមេីលទីផ្នូរបញ្ចុះសព លោក ហ្សាការីយ៉ា អាដាម អតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។

លោកទេសរដ្ឋមន្ត្រី បាននាំយកមកនូវវចនានុក្រម ម៉ាឡាយូ-ខ្មែរ ដែលវិទ្យាស្ថានភាសា និង អក្សរសាស្ត្រ ប្រទេសម៉ាឡេស៊ី បានអនុញ្ញាតបោះពុម្ពប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំ២០២២ ដែលជាស្នាដៃរបស់ លោក ហ្សាការីយ៉ា អាដាម បន្ទាប់ពីបានបកប្រែគម្ពីរអាល់គួរអាន ជាភាសាខ្មែរ នៅមុនពេលដែលលោកបានលាចាកលោកទៅ៕