(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូនៃអង្គភាព Khmer Times ចុះពិនិត្យលទ្ធផលបោសសម្អាតមីនស្ថិតក្នុងភូមិវាល ឃុំស្រង់ ស្រុងគងពិសី ខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គភាព Khmer Times និងសហការី ដើម្បីធ្វើការបោសសម្អាតមីនឲ្យអស់ក្នុងភូមិ និងប្រកាសភូមិវាល ជាភូមិអស់មីន។

គម្រោងនេះ បានធ្វើការបោសសម្អាតលើផ្ទៃដីចំនួន ៥៣.៨៥៣ ម៉ែត្រក្រឡា និងមានអ្នកទទួលផលប្រមាណ ៣៨គ្រួសារ ដោយប្រតិបត្តិការបោសសម្អាតដោយកម្លាំងរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ប្រើប្រាស់រយៈពេល ១២ថ្ងៃ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គភាព Khmer Times និងសហការី ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីននៅតាមភូមិនីមួយៗ តាមលទ្ធភាព និងធនធានដែលខ្លួនមាន។

តាមរយៈការអនុវត្តយន្តការភូមិអស់មីន លោកទេសរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា នឹងមានវិស័យឯកជន និងសប្បុរជននានា ជាច្រើនទៀត ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕