(កូឡាឡាំពួរ)៖ តាមរយៈសន្និសីទអន្ដរជាតិស្ដីពី «ការលេីកកម្ពស់សន្តិភាព ភាពសុខដុម ការរួបរួម និងភាពចម្រុះក្នុងចំណោមថ្នាក់ដឹកនាំឥស្លាមទូទាំងពិភពលោក» នៅប្រទេសម៉ាឡេស៉ី នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានប្រាប់អំពីការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់សហគមន៍ខ្មែរឥស្លាម។

សន្និសីទនេះត្រូវបានរៀបចំដោយ ទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាមម៉ាឡេស៊ី សហការជាមួយអង្គការសម្ព័ន្ធពិភាពឥស្លាម RABITA ក្រោមអធិបតីភាពលោក Dato' Sri Ismail Sabri bin Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម និងលោកដាតុ Haji Idris Bin Haji Ahmad រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទលបន្ទុកកិច្ចការសាសនាឥស្លាមនៃប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីមេដឹកនាំសហគមន៍ឥស្លាម អ្នកនយោបាយ និងសាសនាវិទូ មកពី២០ប្រទេសក្នុងតំបន់អាស៊ី។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជា ទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនជាច្រើន ដែលបានធ្វើឲ្យមានការរីកចម្រើនទាំងវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម ប្រែមុខមាត់ដូចប្រជាជនទូទៅ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឲ្យបុរសអាចពាក់កាតឹប និងស្រ្តីឥស្លាមអាចទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។ សិស្ស-និស្សិតឥស្លាម អាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀន ទាំងនៅគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា។

ក្នុងបរិបទនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនសាសនិកឥស្លាមដែលស្លាប់ដោយជំងឺកូវីដ អាចបញ្ចុះសព និងទទួលបានថវិកាជូនគ្រួសារសពចំនួន២លានរៀល និងថែមទាំងបានផ្តល់ដីទុកជាកន្លែងបញ្ចុះសពទៀតផង។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកសេដ្ឋកិច្ចប្រទេសឡើងវិញទាំងស្រុង ក្នុងនោះម៉ាស្ជិត សូរ៉ាវ និងសាលាសាសនាទាំងអស់ក៏ត្រូវបានបើកទ្វារផងដែរ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទាំងអស់នេះ ជាសមិទ្ធិផលកើតចេញពីរាជរដ្ឋាភិបាល តាមរយៈការសាមគ្គីគ្នារបស់សហគមន៍ខ្មែរឥស្លាម រួមចំណែកនឹងប្រជាជនទូទៅ ដែលជាកម្លាំងស្នូលដែលមិនអាចខ្វះបាន និងជាកាលានុវត្តភាពជាច្រើន ដើម្បីទទួលបានសិទ្ធិពេញលេញ និងទូលំទូលាយក្នុងការលើកស្ទួយ និងប្រតិបតិ្តសាសនា ដែលឥស្លាមបានបង្រៀនយើងនៅគ្រប់សម័យកាល៕