(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ដំណើរការនៃសកម្មភាពបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ជាពិសេសដើម្បីជួយរំដោះឲ្យបាននូវការគំរាមកំហែងមកលើសេចក្ដីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិសាស្ត្រតំបន់អាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្មារតីរួមចំណែកដ៏មានអត្ថន័យជ្រាលជ្រៅរបស់វិស័យឯកជនខាងលើ ដែលពិតជាបានផ្ដល់នូវសេចក្តីសុខ និងភាពសុខសាន្ត ព្រមទាំងស្នាមញញឹមដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស និងបានជូនពរឱ្យជាប់ប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ដើម្បីកម្ពុជាឈានទៅជាប្រទេសគ្មានគ្រាប់មីននៅឆ្នាំ២០២៥ និងដើម្បីជួយពលរដ្ឋដែលប្រឈមនឹងការរងគ្រោះ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ឱ្យចូលរួមបរិច្ចាគថវិកា ដើម្បីបោសសំអាតមីននៅកម្ពុជា។ បន្ទាប់ពីមានការអំពាវនាវនេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល៕