(ស្វាយរៀង)៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ចើញចូលរួមពិធីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែលបានទទួលជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៥ និងសមាជិកគណបក្សក្នុងក្រុងបាវិតទាំងអស់ ចំពោះការលះបង់គ្រប់បែបយ៉ាងទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសលើកកម្ពុជាជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក លី ធុជ បានលើកឡើងថា «ឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ»

លោកបន្តទៀត «គណបក្សប្រជាជនកម្ពុជាឈ្នះ សន្តិភាពឈ្នះ និងការអភិវឌ្ឍឈ្នះ»