(អូស្ត្រាលី)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញថ្វាយបង្គំ និងនាំយកទេយ្យទាន រួមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលី។

ពិធីនេះមានការចូលរួមពីលោក សុខ វាសនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៧ និងលោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជន។

ស្ថិតនៅក្នុងឱកាសនោះដែរ លោកបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកនូវសុខសន្តិភាព ពេញលេញជូនមាតុភូមិកម្ពុជា បន្ទាប់ពីរំដោះប្រទេសឱ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ជាពិសេសគឺបានស្រោចស្រង់វិស័យព្រះពុទ្ធសាសនាឱ្យរស់ឡើងវិញបន្ទាប់ពីត្រូវបានរបបដ៏ខ្មៅងងឹតនេះ ជាន់ឈ្លីអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោកបណ្ឌិតបានបន្ថែមថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ៕