(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សខេត្ត នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បាននាំយកអំណោយលោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង និងអំណោយរបស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សខេត្ត ទៅចែកជូនសមាជិកបក្ស ប្រធានក្រុមបក្ស និងសាខាបក្សនៅក្នុងឃុំផ្លូវទូកជាង ១ពាន់នាក់ផងដែរ។

លោក សាន់ យូ ក៏បានលើកឡើងអំពីប្រវត្តិតស៊ូរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រវត្តិរបស់ថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សដែលបានតស៊ូរំដោះប្រទេសជាតិ រំដោះជីវិតប្រជាពលរដ្ឋជាង ៤លាននាក់ ពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី៧ មករា ១៩៧៩។

ក្រោយថ្ងៃរំដោះ ៧ មករា ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស រួមមាន៖ សម្ដេចតេជោ ហ៊ុន សែន, សម្ដេច ជា ស៊ីម, សម្ដេច ហេង សំរិន និងឥស្សរជនសំខាន់ៗមួយចំនួនទៀត បានរួមគ្នាដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសនោះ គឺការបង្រួបបង្រួមជាតិខ្មែរតែមួយ បញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញបរិបូណ៌។

លោកបានបន្តថា ដូចនេះដើម្បីឱ្យប្រទេសជាតិមានសុខ សន្តិភាព មានការអភិវឌ្ឍ លើគ្រប់វិស័យបន្ថែមទៀតនោះសមាជិកបក្សប្រធានក្រុមបក្ស និងថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ត្រូវសាមគ្គីគ្នារួមសុខរួមទុក្ខជាមួយគ្នា បម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឱ្យបានត្រឹមត្រូវតាមគោលនយោបាយដឹកនាំរបស់គណបក្ស និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អំណោយដែលត្រូវចែកជូននោះរួមមានអង្ករ៖ ១២តោន, ទឹកស៊ីអ៉ីវ ទឹកត្រីចំនួន១,២០០យួរ, ជូនថវិកាដល់គណៈកម្មការសាងសង់សាលាបឋមសិក្សាភូមិពាមខ្នងចំនួន១,៣៦០,០០០រៀល, ជូនថវិកាដល់សាខាបក្សភូមិស្លត ដែលបានទទួលលទ្ធផលបោះឆ្នោតឃុំជាប់លេខ១ ចំនួន២លានរៀល ជូនថវិកាដល់សាខាបក្សភូមិផមពាមខ្នង ដែលទទួលលទ្ធផលបោះឆ្នោតឃុំជាប់លេខ២ ចំនួន ១លានរៀល, ជូនថវិកាដល់សាខាបក្សភូមិថ្នល់ឈើទាល ទទួលបានលទ្ធផលបោះឆ្នោតឃុំជាប់លេខ៣ ចំនួន៥០ម៉ឺនរៀល ជូនដល់មេក្រុមបក្សចំនួន ១៣៥នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល។

សរុបថវិកាជាអំណោយមានចំនួន៣៩,៣៦០,០០០ម៉ឺនរៀល ថវិកាទាំងអស់ជាការលើកទឹកចិត្តដល់គ្រួសារបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំមូលដ្ឋានរយៈពេលប្រាំឆ្នាំជាបន្តទៀត៕