(តាកែវ)៖ នៅក្នុងឱកាសបើកកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី មន្រ្តីនគបាលយុត្តិធម៌នៅរដ្ឋបាលក្រុងដូនកែវ នៅព្រឹកថ្ងៃច័ន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវអនុវត្តន៍តួនាទីភារកិច្ចឲ្យ ត្រូវទៅតាមច្បាប់ដែលបានចែង ជាពិសេសមិនត្រូវយកសំណុំរឿងព្រហ្មទណ្ឌដែលមានលក្ខណៈធ្ងន់ធ្ងរ មកដោះស្រាយក្រៅប្រព័ន្ធតុលាការនោះទេ។
លោកបានថ្លែងបន្តថា ចំពោះការដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ មន្រ្តីនគរបាលយុត្តិធម៌ អាចដោះស្រាយបញ្ចប់សំណុំរឿងរដ្ឋប្បវេណី ដែលមានលក្ខណៈធូរស្រាលប៉ុណ្ណោះ ចំពោះសំណុំរឿងឧក្រិដ្ឋ ឬព្រហ្មទណ្ឌមិនអាចដោះស្រាយបានក្រៅប្រព័ន្ធតុលាការទេ។
លោកថ្លែងថា «ខ្ញុំហាមដាច់ខាតការយកសំណុំរឿងឧក្រិដ្ឋ ឬរឿងរំលោភសេពសន្ធវៈមកដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ។ សំណុំរឿងទាំងអស់នេះ ត្រូវតែបញ្ជូនមកកាន់អយ្យការ ដើម្បីចាត់ការទៅតាមច្បាប់»។
លោក ឯក ឆេងហ៊ួត ក៏បានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមច្បាប់ អំពីរបៀបធ្វើកំណត់ហេតុ អង្គហេតុ វត្ថុតាង និងការឃាត់ខ្លួនអនីតិជន និងត្រូវយកចឹត្តទុកដាក់ត្រូវបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន ដោយធ្វើការរាយការណ៍មកព្រះរាជអាជ្ញា។
ពាក់ព័ន្ធទៅនឹងលោកមេឃុំចៅសង្កាត់ លោកព្រះរាជអាជ្ញាក៏បានធ្វើការណែនាំឲ្យធ្វើសំបុត្រអាត្រានុកូលដ្ឋាន និងសំបុត្រកំណើតឲ្យបានត្រឹមត្រូវ ជៀសវាងមានបញ្ហា ព្រោះកន្លងមកមានការបញ្ជាក់សំបុត្រកំណើតទៅលើកម្មករ កម្មាការីរោងចក្រមួយចំនួន ដែលបញ្ជាក់អាយុខុសពីការពិត ដើម្បីបានចូលបំរើការងារ ដែលបញ្ហានេះជាអំពើក្លែង ដែលខុសនឹងច្បាប់។ ម្យ៉ាងទៀត មេឃុំចៅសង្កាត់ក៏ត្រូវពិនិត្យឲ្យបានច្បាស់លាស់ មុនចុះហត្ថលេខាលើឯកសារទិញលក់ដីធ្លី ដើម្បីជៀសវាងការទិញលក់ដីជាន់គ្នាពីរ ឬបីដង ដែលវានឹងនាំឲ្យមានបញ្ហាដល់អ្នកចុះហត្ថលេខា៕