(កណ្ដាល)៖ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការចៅសង្កាត់តាក្ដុល ជូនលោកស្រី លន់ សុភា។
លោក នូ សុវណ្ណារ៉ា បានជំរុញដល់ក្រុមប្រឹក្សាសង្កាត់តាក្ដុលជាប់ឆ្នោតថ្មី ត្រូវបំពេញការងាររួមគ្នាប្រកបដោយសុខដុមរមនា បម្រើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសគឺតួអង្គទាំង៥រូបដែលធ្វើការផ្ទាល់ និងស្និតស្នាលជាមួយពលរដ្ឋពោលគឺ មេភូមិ មេប៉ុស្តិ ចៅសង្កាត់ ស្មៀន និងប្រធានមណ្ឌលសុខភាព ត្រូវធ្វើការបម្រើពលរដ្ឋប្រកបដោយការគោរព ឲ្យតម្លៃពលរដ្ឋ ឲ្យសក្ដិសមជាអ្នកបម្រើរាស្ត្រ មិនមែនមកតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រនោះទេ។
ជាមួយគ្នានេះ លោកស្រី លន់ សុភា ចៅសង្កាត់តាក្ដុល ដែលទើបនឹងឡើងតំណែង បានថ្លែងប្ដេជ្ញាគោរពតាមការណែនាំរបស់ថ្នាក់លើ និងដាក់ចិត្តដាក់កាយ កម្លាំងចិត្តក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាញញឹមប្រកបដោយចិត្តរីករាយជានិច្ចចំពោះកាតព្វកិច្ចបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រគ្រប់គ្នានៅសង្កាត់តាក្ដុល ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕