(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង និងលោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) បានអញ្ជើញចុះពិនិត្យ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។
ក្នុងឱកាសចុះពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបង្ហាញពីការរីកចម្រើននានា ក្នុងវិស័យសុខាភិបាល ជូនដល់លោកបណ្ឌិត Takeshi Kasai ផងដែរ។
ជាមួយគ្នានោះ លោកបណ្ឌិត Takeshi Kasai បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនដ៏ឆាប់រហ័សលើវិស័យសុខាភិបាល ជាពិសេសអំពីវឌ្ឍនភាពថ្មីៗជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលនេះជាផ្នែកដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពការផ្តល់សេវា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់មួយកម្រិតបន្ថែមទៀត។
សូមជម្រាបថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប បានសាងសង់រួចរាល់ជាស្ថាពរ ដោយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។
មន្ទីរពេទ្យដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ ក្នុងមន្ទីរពេទ្យនេះ ក៏មានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ហើយព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង៕