(កណ្តាល)៖ លោក រស់ បរម ប្រធានក្រុមការងារចុះជួយឃុំ រកាកោងទី២ និងលោក យី យ៉េន អភិបាលស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមប្រឹក្សា ឃុំរកាកោងទី២ អាណត្តិទី៥ នៅសាលាឃុំរកាកោងទី២ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាច្រើនកុះករផងដែរ។
លើកឡើងនាឱកាសនោះលោក យី យ៉េន បានបញ្ជាក់ថា ដើម្បីឱ្យការងារបំរើប្រជាពលរដ្ឋកាន់តែល្អនោះ មេឃុំ ចៅសង្កាត់, ស្មៀនឃុំ សង្កាត់, ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ , មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និងមេភូមិ ជាមនុស្សដែលសំខាន់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីក្នុងផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
លោក យី យ៉េន បានបន្ថែមថា បញ្ហាឥរិយាបថទៅកាន់ប្រជាពលរដ្ឋក៏ជារឿងមួយសំខាន់ផងដែរ ដូចនេះត្រូវមានការប្រាស្រ័យទាក់ទងឱ្យបានល្អជាមួយប្រជាពលរដ្ឋ និងធ្វើការប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួកនិងនិន្នាការនយោបាយឡើយ។
ជាមួយគ្នានោះអភិបាលស្រុក ក៏បានណែនាំឱ្យលោកមេឃុំរកាកោងទី២ថ្មី ត្រូវចេះសហការគ្នាជាមួយផ្នែកផ្សេងៗក្រោមការគ្រប់គ្រងរបស់ខ្លួន រិះរក និងដោះស្រាយបញ្ហា ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណារួមគ្នាបំរើប្រជាពលរដ្ឋឱ្យបានល្អ និងឱ្យសក្តិសមជាមន្ត្រីល្អ ដែលប្រជាពលរដ្ឋអាចទុកចិត្តបាន និងបោះឆ្នោតឱ្យ។
សូមបញ្ជាក់ដែរថា ក្នុងកម្មវិធីនេះដែរក៏មានការផ្លាស់ប្ដូរលោកមេឃុំចាស់ លោក ប៉ូច លីស៊្រុន ដែលត្រូវបានចូលនិវត្តន៍ និងជំនួសមកវិញដោយលោក កុយ រុន ជាមេឃុំថ្មីនៃឃុំរកាកោងទី២ អាណត្តិទី៥នេះផងដែរ៕