(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីកំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន-ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដំណាក់កាលដំបូង។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អង្គប្រជុំបានឯកភាពដូចខាងក្រោម៖
* បញ្ជាការដ្ឋានកងទ័ពជើងគោក៖ បោសសម្អាតផ្ទៃដីក្នុងស្រុក/ក្រុងចំនួន ០៨ និងប្រកាសជាស្រុក/ក្រុងអស់មីនរួមមាន ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) និងក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ)។
* មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្រ្គាម (NPMEC)៖ បោសសម្អាតផ្ទៃដីក្នុងខេត្តត្បូងឃ្មុំ និងប្រកាសជាខេត្តអស់មីន។
* មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)៖ បោសសម្អាតផ្ទៃដីក្នុងខេត្តតាកែវ និងខេត្តកំពត និងប្រកាសជាខេត្តអស់មីន បន្ថែមលើធនធានដែល CMAC មានស្រាប់។ ជាមួយគ្នានេះ CMAC នឹងធ្វើការបោសសម្អាតផ្ទៃដីក្នុងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ) និងប្រកាសជាស្រុកអស់មីន ដោយប្រើកម្លាំងចម្រុះជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិបត្តិករទាំងពីរ។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀត ផែនការបន្ត ត្រូវអនុវត្តន៍ស្របតាមនីតិវិធីនៃការងារបោសសម្អាតមីន និងស្តង់ដាសកម្មភាពកំចាត់មីនកម្ពុជា ដោយតម្រូវឲ្យក្រុមការងារបច្ចេកទេសត្រូវចុះពិនិត្យវាយតម្លៃលើស្ថានភាពរាល់គ្រប់ចម្ការមីនជាក់ស្តែង (ទំហំ ប្រភេទចម្ការមីន និងស្ថានភាពភូមិសាស្រ្ត) ដើម្បីលើកគម្រោងថវិកា និងពង្រាយកម្លាំងបោសសម្អាត។
ដំណើរការអនុវត្តតំបន់អស់មីន ដូចខាងក្រោម ៖
១៖ ជ្រើសរើសតំបន់អាទិភាព
២៖ វិភាគកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេស (Non-Technical Survey_NTS) ជាមួយប្រតិបត្តិករ
៣៖ ធ្វើផែនការពង្រាយកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសរបស់ប្រតិបត្តិករ ដោយមានការអនុម័តពីអាជ្ញាធរមីន
៤៖ ពង្រាយកម្លាំងកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសតាមការណែនាំរបស់អាជ្ញាធរមីន
៥៖ កំណត់តំបន់បោសសម្អាត
៦៖ វិភាគសមត្ថភាពបោសសម្អាតជាមួយប្រតិបត្តិករ
៧៖ បែងចែកតំបន់បោសសម្អាតដល់ប្រតិបត្តិករ
៨៖ ប្រតិបត្តិករពិនិត្យចម្ការមីន និងរៀបចំផែនការថវិកា បញ្ជូនមកអាជ្ញាធរមីន
៩៖ ពិនិត្យ និងផ្តល់គម្រោងបោសសម្អាតដល់ប្រតិបត្តិករ
១០៖ ការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព ត្រូវបានអនុវត្ត
១១៖ ការប្រគល់ដីដែលបានបោសសម្អាតរួច និងការប្រកាសតំបន់អស់មីន។
សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)។
កម្ពុជាត្រៀមប្រកាសខេត្តចំនួន៣ និងស្រុកចំនួន០៨ អស់មីនក្នុងជំហានដំបូងនៃការអនុវត្តគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន-ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»៕