(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គីភ័យចំនួន៣គ្រួសារ ស្ថិតនៅភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ។
នាខណៈនោះ លោកប្រធានកិត្តិយសបាននាំនូវការចូលរួមសោកស្តាយពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យកាត់ចិត្ត កុំអស់សង្ឃឹម។
លោកអភិបាលខណ្ឌ ក៏បានគូសបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស , ទឹកត្រី១យួរ, ត្រីខ១យួរ, ម៉ាស់១កញ្ចប់ ជេល១ដប សំភារៈផ្ទះបាយ ១សម្រាប់, ថវិកា ចំនួន១០មុឺនរៀល , និងទទួលបានតង់១បន្ថែម៕