(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២២នេះ ក្នុងបរិវេណនៃសង្កាត់ព្រះពន្លា ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រកាសទទួលស្គាល់ ចៅសង្កាត់ និង សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រះពន្លាថ្មី ក្នុងអាណត្តិទី៥។
ពិធីនេះក៏មានការចូលរួមពូលោក ហ៉ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អង្គភាពទាំង៣ រដ្ឋបាលក្រុងសិរីសោភ័ណ និងជាពលរដ្ឋជាច្រើនរយនាក់។
ក្នុងពិធីនេះលោកស្រី ឆាត សុជា ជាចៅសង្កាត់ព្រះពន្លាថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំគោរពតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងរឹតចំណងសាមគ្គី ផ្ទៃក្នុង របស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាការងារឲ្យបានជោគជ័យ និងខិតខំកសាងខ្លួនឲ្យក្លាយទៅជាមនុស្សល្អ ប្រជាពលរដ្ឋល្អនិងមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ។
លោកស្រី នឹងខិតខំលើកកំពស់សហប្រតបត្តិការដើម្បីផលប្រយោជន៍សាធារណៈនិងជម្រុញកិច្ចអភិវឌ្ឍន៍ ភូមិ សង្កាត់ ឲ្យមានការរីកចំរើនថ្មីៗបន្ថែមទៀត និងខិតខំសហការគ្នាដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធានាសុវត្តិភាព ប្រកបដោយសុខ ខ្សេមក្សាន្ត ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
លោកស្រីក៏នឹងខិតខំទំនាក់ទំនងស្វែងរកដៃគូដើម្បីគៀគររកប្រភពធនធានមកអភិវឌ្ឍន៍ក្នុងមូលដ្ឋានហើយខិតខំលុបបំបាត់ភាពអសកម្មនានា មកបំរើសេវារដ្ឋបាលសាធារណៈឲ្យរហ័យទាន់ពេល ដើម្បីបង្កើនភាពជឿជាក់និងភាពកក់ក្តៅជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាដើម។
ក្នុងនោះលោក អ៊ុំ រាត្រី បានធ្វើការដាស់តឿនដល់ចៅសង្កាត់ថ្មី ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់និងលិខិតបទដ្ឋាននានាដែលមានជាធរមានជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលសង្កាត់ក្រោយពីបានប្រកាសសុពលភាពចាប់ពីថ្ងៃនេះតទៅ។
លោកផ្តាំថា ត្រូវអនុម័ត តាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ចៅសង្កាត់ក្រុមប្រឹក្សាត្រូវបន្តនិងរក្សាឲ្យបាននូវវប្បធម៌សាមគ្គីសម្របសម្រួលមិនបែងចែកនិន្នាកានយោបាយ និងស្ថានភាពក្នុងសង្គមដោយខិតខំលើកកំពស់ការចូលរួមបំពេញការងារជាក្រុមក្នុងចំណោមសមាជិកក្រុមប្រឹក្សា សង្កាត់ទាំងអស់ដើម្បីធ្វើជាតំណាងសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់របស់ខ្លួន និងជំរុញការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕