(បាត់ដំបង)៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងភរិយា ព្រមទាំងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនដល់ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០១គ្រួសារ ដែលរស់នៅភូមិចំនួន៦ ក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង។ ពិធីសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅនៅបរិវេណផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។

ជំនួបសំណេះសំណាលសួរសុខទុក្ខនេះដែរ លោក សុខ លូ បានសម្តែងនូវក្តីសប្បាយរីករាយ និងនាំយកប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ហើយសម្ដេចក៏តែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោក សុខ លូ បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ត្រូវឧស្សាហ៍ចុះពិនិត្យស្ថានភាពជាក់ស្តែង ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនពល
រដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

បន្ទាប់ពីអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅបវេណផ្សារទំនើបភួ ពុយ រួចហើយ លោកនិងលោកស្រីព្រមទាំងសប្បុរសជនក៏បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ០៥គ្រួសារនៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់អូរចារផងដែរ ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ អង្ករ ២០គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធវីឃែរ១កេស, ទឹកត្រី១យួ, ទឹកស៉ីអ៉ីវ ១យួរផងដែរ ៕