(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់ អាណត្តិទី៥ ក្នុងក្រុងស្ទឹងសែន ថ្នៅងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

លោក ងួន រតនៈ បានអបអរសាទរដល់សមាជិកក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង នៃសង្កាត់អាចារ្យលាក់ អាណត្តិទី៥ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំសង្កាត់អាចារ្យលាក់ ឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

អភិបាលខេត្តកំពង់ធំបន្តថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សា ក៏ដូចជាចៅសង្កាត់ ចៅសង្កាត់រង ដែលបានជាប់ឆ្នោត ទោះបីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាល រួមទាំងការធានាបាននូវសាមគ្គី ភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។ លើសពីនេះទៀត សមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាពនៃការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត និងបន្តអនុវត្តការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវាព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

លោកថា សមាជិកក្រុមប្រឹក្សា សង្កាត់អាណត្តិថ្មីទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់លើវិស័យជាអាទិភាពមួយចំនួនដែលមានផលប៉ះពាល់ផ្ទាល់មកលើតម្រូវការជាក់ស្ដែង និងជាបន្ទាន់របស់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេស គ្រួសារក្រីក្រ ជនងាយរងគ្រោះ គ្រួសារយោធិនពលីពិការ ស្ត្រីមេម៉ាយ កុមារ យុវជន ជនជាតិដើមភាគតិច មានដូចជា សេវាទាក់ទងនឹងសុខភាព អប់រំ កសិកម្ម ការកែលម្អបរិស្ថាន និងសេវាសង្គម ផ្សេងៗទៀត។ ក្រៅពីនេះ ក៏ត្រូវពិចារណាផងដែរអំពីតម្រូវការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក អណ្តូងទឹក ស្រះទឹក ជាដើម។

លោក ងួន រតនៈ បន្ថែមទៀតថា បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ កិច្ចការអាទិភាពទី១របស់ក្រុមប្រឹក្សា សង្កាត់អាណត្តិថ្មី គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធាន កំណត់អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងគណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោង អភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។

លោក ងួន រតនៈ បានផ្តាំផ្ញើដល់ សមាជិកក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ ខិតខំណែនាំ និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់ វ៉ាកសាំងកូវីដ-១៩ដូសជំរុញ ( ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គមដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន៕