(សៀមរាប)៖ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានដាក់ឱ្យប្រើប្រាស់កម្មវិធី «Think!Think» របស់ជប៉ុន នៅសាលាបឋមសិក្សាវត្តបូព៌។ នេះគឺជាសាលាមួយក្នុងចំណោមសាលាគោលដៅចំនួន៩ ក្នុងខេត្តចំនួន៦ ដែលដាក់ឱ្យដំណើរការកម្មវិធីនេះ ក្នុងភាពជាដៃគូសាធារណៈឯកជនជាមួយ JICA និងlក្រុមហ៊ុន WonderLab Co., Ltd.។

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់កម្មវិធី «Think!Think» របស់ជប៉ុន នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយក្នុងការបញ្ចូលកម្មវិធី «Think!Think» របស់ជប៉ុន នៅសាលាបឋមសិក្សាវត្តបូព៌។ កម្មវិធី «Think!Think» បានពាំនាំឱ្យក្មេងៗមានជំនាញក្នុងការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្ស ដូចជាការលើកទឹកចិត្ត និងការចង់ដឹងចង់ឃើញ ដែលត្រូវបានគេស្គាល់ថាជាបំណិនសតវត្សន៍ទី២១។

លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា យល់ថា «គិត!គិត! ជាល្បែងសិក្សាដ៏ល្អមួយដែលអាចជួយកុមារឲ្យរៀនជំនាញការគិតស៊ីជម្រៅ និងជំនាញទន់ ដែលជាជំនាញចាំបាច់ក្នុងសតវត្សទី ២១។ ជាលទ្ធផលវិជ្ជមាន ការប្រើប្រាស់កម្មវិធីនេះ បានជួយកុមារទទួលបានលទ្ធផលខ្ពស់លើមុខវិជ្ជាគណិតវិទ្យា ភាពឆ្លាតវៃ ការគោរព និងជឿជាក់លើខ្លួនឯងខ្ពស់។ ក្នុងនាមជាអ្នកឯកទេសបច្ចេកវិទ្យាអប់រំ ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលកម្មវិធីសិក្សាបន្ថែមលំដាប់អន្តរជាតិនេះ ត្រូវបានដាក់ឲ្យអនុវត្តនៅសាលារៀនសាធារណៈ»

លោកបន្តថា សាលាបឋមសិក្សាវត្តបូព៌ គឺជាសាលាមួយមានការដឹកនាំល្អ និងមានការចូលរួមពីសហគមន៍ ហើយចំពោះគ្រូនៅទីនេះមានឆន្ទៈក្នុងការអនុវត្តកិច្ចការងារទូទៅ។ ដោយកម្មវិធី Think!Think នេះ ជាមេរៀនថ្មី ហើយក្រសួងសំឡឹងមើលគោលដៅសាលាណាដែលអាចជួយខ្លួនឯងបាន ព្រោះក្រសួងជាអ្នកពាំនាំយកមក ប៉ុន្តែខាងសាលាគឺជាអ្នកអនុវត្តផ្ទាល់។ លោកក៏សង្ឃឹមថា នៅពេលដែលគម្រោងនេះ បានបញ្ចប់សាលា និងអនុវត្តខ្លួនឯងបន្តទៅទៀតបានផងដែរ។

លោកស្រី Shiori Tokugawa អ្នកគ្រប់គ្រងផ្នែកវិស័យអប់រំរបស់ JICA បានលើកឡើងថា លោកស្រីមានសេចក្តីសប្បាយរីករាយជាខ្លាំង ដែលបានដាក់ឱ្យអនុវត្តគម្រោងនេះនៅសាលាបឋមសិក្សាវត្តបូព៌ ដែលជាសាលាល្អបំផុតនៅសៀមរាប និងនៅកម្ពុជា។ លោកស្រីបន្តថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ ដែលគាត់ត្រូវរៀននូវបច្ចេកវិទ្យាថ្មីៗ ដែលហៅថា STEM។

សូមបញ្ជាក់ផងដែរ «Think!Think!» គឺជាកម្មវិធីសិក្សា STEM ថ្មីមួយ ពីប្រទេសជប៉ុន ដែលមានបំណងអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្ស ដូចជាការលើកទឹកចិត្ត និងការចង់ដឹងចង់ឃើញ ដែលត្រូវបានគេស្គាល់ថាជាបំណិនសតវត្សន៍ទី២១៕