(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ត្រូវអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ការជំរុញបែបនេះ របស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

នាឱកាសនោះដែរ លោកអភិបាលខេត្តបានស្នើឱ្យក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥នេះ ក៏ដូចជាគណបក្សនយោបាយនានា និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងារប្រកបដោយភាពសុខដុមរមនា ក្នុងសង្គមសម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការលទ្ធិប្រធាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

លោកបានបន្តថា ចំពោះអស់លោក លោកស្រី ដែលទើបជាប់ឆ្នោតថ្មី និងលោក លោកស្រីដែលបានជាប់ឆ្នោតឡើងវិញ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។ ដូច្នេះ សូម លោក-លោកស្រីទាំងអស់ មេត្តាយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលបំពេញការងារចំពោះមុខមួយចំនួនឱ្យបានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។

ជាមួយគ្នានេះ លោកអភិបាលខេតត្ត បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានានៅក្នុងឱកាសនេះ៕