(តាកែវ)៖ សំណង់ស្ថាបត្យកម្មព្រះវិហារដ៏ស្កឹមស្កៃ នៃព្រះវិហារវត្តស្លែង មានទទឹង១២ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ កំពស់៣៣ម៉ែត្រ ជាសំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនា រចនាបទខ្មែរនាសម័យឧត្តុង្គ និងសម័យចតុមុខ បូកបញ្ចូលគ្នា ដែលទើបស្ថាបនាសាងសង់ហើយរួចរាល់ជាស្ថាពរ ចំណាយអស់ថវិកា៨២០,៧៣០ដុល្លារ រួមទាំងសមិទ្ធផលសាសនាដ៏ទៃទៀត ចំណាយអស់ថវិកាសរុប ១,០២៥,២៣០ដុល្លារ បានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងតាមប្រពៃណីព្រះពុទ្ធសាសនា។

ពិធីដ៏មានអត្ថន័យនោះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល៤យប់៥ថ្ងៃ រួចមក។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ព្រះវិហាមរតក ប៊ុន ស៊ាងលី គឺជាមហាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីមរតកនិងបញ្ញាញាណរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានមកចូលរួមដឹកនាំ និងកសាងផ្នែកពុទ្ធចក្រ ក្នុងទីអារាមវត្តស្លែងនេះកាលពី៨ឆ្នាំមុន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី៨ឆ្នាំមុន លោកធ្លាប់បានមកកាន់ទីអារាមវត្តស្លែងនេះម្តងរួចហើយ នៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលមួយ ហើយពេលនេះរូបឯកឧត្តមបានមកកាន់វត្តនេះជាថ្មីម្តងទៀត ជាមួយនិងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិមហារមរតក ប៊ុន ស៊ាងលី ដែលជាជីដូនបង្កើតរ ហើយទីអារាមនេះមានអនុស្សាវរីយ៍ និងបារមីស័ក្តិសិទ្ធខ្លាំងណាស់ ពិសេសលោកបានបួងសួងសុំកូនប្រុសម្នាក់ គឺបានដូចបំណងប្រាថ្នា។ រហូតមកដល់ពេលនេះ កូនប្រុសរបស់លោកមានអាយុ ៤ឆ្នាំមហើយ ហើយអ្វីដែលលោកមកកាន់វត្តនេះ ជាថ្មីម្តងទៀត លោកសូមបួងសួងសុំកូនប្រុសម្នាក់ទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសសុខដុមបនីយកម្មខាងជំនឿសាសនា ដែលអាចផ្តល់លទ្ធភាពរបស់ប្រជាពលរដ្ឋគោរពជំនឿសាសនា ទៅតាមជំនឿនិងសាសនានិមួយៗ គ្មានការប្រទូសារាយ ចងអាឃាតនិងគ្នា ពោលគឺមានភាពសុខដុមរបនាខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក។

លោកបណ្ឌិតបានបន្តថា នៅក្នុងការដឹកនាំប្រទេសដែលបានចំណាយពេលជាងពាក់កណ្តាលអាយុរបស់សម្តេច សម្តេចមិនដែលសម្លាប់ជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ ផ្ទុយទៅវិញសម្តេចតេជោគឺជាថ្នាក់ដឹកនាំមួយរូប ដែលបានរួមចំណែករំដោះប្រទេស និងអាយុជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពីប្រជាជនរស់នៅក្នុងភាពអត់ឃ្លាន ទៅកាន់ប្រជាជនដែលមានជីវភាពរស់នៅល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសប្រ ទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើន និងមានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ និងលើពិភពលោក។

លោកសង្កត់ធ្ងន់ថា គ្រប់កាលៈទេសៈទាំងអស់ សម្តេចតេជោ ហ៊ុន សែន មិនដែលរត់ចោលប្រជាជន និងទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះនោះដែរ ជាក់ស្តែងក្នុងព្រឹត្តិការណ៍ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ សម្តេចតេជោ បានឈរនៅរួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជា និងជនបរទេសដោយមិនយកកម្រៃ និងបានចាក់ស្រោចជូនប្រជាជនកម្ពុជាជាង៩០ភាគរយ គ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា។

បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវជូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ ពិសេសប្រជាពលរដ្ឋក្នុងស្រុកគីរីវង់ សូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រជាជនកម្ពុជាគ្រប់រូបរួចចាកផុត ពីជំងឺដ៏កាចសាហាវកូវីដ១៩។

បន្ទាប់មកលោក ហ៊ុន ម៉ាណែត ក៏បានប្រគេន និងបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាតូបការ គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្តិមុនីវង្ស កុសយមៈនារីរ័ត្ន មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរយយស មុនីសារាភណ្ឌ មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស សុវត្ថារា មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មហាសេនា និងគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ មហាសេនា ប្រគេនព្រះសង្ឃ លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ និងសប្បរសជននានា សរុបចំនួន៩១រូប ដែលបានរួមចំណែកកសាងមហាសិទ្ធផល ក្នុងទីអារាមវត្តស្លែងនេះឡើងវិញ។

សូមបញ្ជាក់ថា វត្តស្លែងជាវត្តចាស់បុរាណមួយ ក្នុងចំណោមវត្តចាស់ៗ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ មានអាយុកាលជាង ៣០០ឆ្នាំមកហើយ ដែលមានទទឹង១៥០ម៉ែត្រ បណ្តោយ២៤០ម៉ែត្រ មានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិស្លែង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។

វត្តស្លែង គឺជាទីអារាមដ៏មានវ័យចំណាស់មួយ ក្នុងចំ ណោមទីអារាមចាស់ៗ ក្នុងស្រុកគីរីវង់ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១៦ នៃគ្រឹៈសករាជ១៦២២ នេះបើយោងតាមសិលាចារិកលើ ចេតីយ៍បុរាណ និងវត្ថុបុរាណមួយចំនួន ដូចជាប្រាកឌួង និងដុំសីមាចាស់ដែលប្រទះឃើញ នៅក្នុងអន្លងសីមាព្រះវិហាចាស់សម័យដើម ដែលបុព្វបុរសជំនាន់នោះ បានបញ្ចុះ ព្រមទាំងឯកសាររស់ ពីព្រឹទ្ធាចារ្យចាស់ទុំដំណាលតៗគ្នា។

មូលហេតុដែលហៅថា វត្តស្លែង ដោយសាវត្តនេះកសាងឡើងលើកំពូលភ្នំមួយមានឈ្មោះថា ភ្នំជីងចក់ ហើយភ្នំនេះសំបូរទៅដោយដើមស្លែងធំៗ ទើបព្រះគ្រូចៅអធិការ ព្រមទាំងចាស់ព្រឹទ្ធាចារ្យដែលជាស្ថាបនិកវត្តនេះដំបូង ឯកភាពគ្នាប្រសិទ្ធនាមឈ្មោះ វត្តស្លែង ចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន។

ចាប់តាំងពីបដិសន្ធិឡើង ទីអារាមបុរាណនេះ បានឆ្លងកាត់នូវព្រះគ្រូចៅអធិការជាច្រើន ប៉ុន្តែគិតចាប់តាំងពីក្រោងថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ទីអារាមវត្តស្លែង ក៏ដូចជាទីអារាមនានា នៅទូទាំងប្រទេសបានបើកឲ្យដំណើរការគោរពប្រតិបត្តិឡើងវិញទៅតាមជំនឿសាសនា ក៏ដូចជាការរស់រានមានជីវិតរបស់ប្រទេសនិងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន វត្ត ស្លែង បានដឹកនាំកសាងឆ្លងកាត់ព្រះចៅអធិការចំនួន ៤ព្រះអង្គមកហើយ ក្នុងនោះព្រះចៅអធិការជំនាន់ទី១ ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៩៣ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ណំ ហេង។ ព្រះចៅអធិការជំនាន់ទី២ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រំនាមឌុច សារុន។ ព្រះចៅអធិការជំនាន់ទី៣ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ធរ ចាន់ប៊ុនធឿន និងព្រះចៅអធិការជំនាន់ទី៤ ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន ដឹកនាំដោយព្រះគ្រូចៅអធិការ ព្រះនាម ហៀម វង្ស។

ក្រោមការដឹកនាំរបស់ព្រះរតនចារី ហៀម វង្ស ជាព្រះចៅអធិការ រួមជាមួយព្រះសង្ឃ លោកអាចារ្យ គណៈកម្មការបានផ្តួចផ្តើម កសាងសមិទ្ធផលនានាក្នុងវត្តស្លែង ក្នុងនោះរួមមាន សាលាធម្មសភា១ខ្នង ចំណាយអស់ថវិកាជាង ២៩ម៉ឺនដុល្លារ ជួសជុលព្រះវិហារចាស់ឡើងវិញ ចំណាយអស់ថវិកា ១៧,៩០០ដុល្លារ រៀបការ៉ូឡាជុំវិញព្រះវិហារ និងសាលាធម្មសភា អស់ថវិកា១៣,៥០០ដុល្លា សាងសង់ក្លោងទ្វារ អស់ថវិកា១៣,០០០ដុល្លារ ជីកស្រះទឹក ទទឹង៤៥ម៉ែត្រ បណ្តោយ៧៥ម៉ែត្រ ជំរៅ៣ម៉ែត្រ អស់ថវិកា១៥,០០០ដុល្លារ រួមទាំងកសាងសមិទ្ធផលជាច្រើនទៀត ចំណាយអស់ថវិកាសរុប ៣៩៦,៧៩០ដុល្លារ។

សមិទ្ធផលទាំងអស់នេះ កើតចេញដោយសទ្ធាជ្រះថ្លារបស់សប្បរសជនក្នុងនិងក្រៅប្រទេស រួមមានអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សាមលេន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភ គីម ទូច ព្រមទាំងបុត្រ និងចៅៗ, លោក គ្រី ទូច និងលោកស្រី ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅៗ, លោក តាន់ បញ្ញាវុធ និងលោកស្រី ប៊ុន សុថា ព្រមទាំងបុត្រ និងចៅៗ។ ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានលើកឧទ្ទិសមហាសមិទ្ធផល នៃសំណង់ស្ថាបត្តកម្មព្រះវិហារថ្មី ក្នុងវត្តស្លែង និងទីអារាមវត្តស្លែងថា ព្រះវិហាមរតក ប៊ុន ស៊ាងលី ចាប់ពីពេលនេះតទៅ៕