(ភ្នំពេញ)៖ ស្រ្តីជាអ្នកដឹកជញ្ជូនម្នាក់កំពុងអង្គុយចុចទូរស័ព្ទនៅលើម៉ូតូ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមកជិតរួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីរូបនោះបានចំនួន២គ្រឿង បានសម្រេចរួចជិះគេចខ្លួន តែនារីរងគ្រោះបានស្រែកថាចោរៗ ភ្លាមៗនោះជនសង្ស័យបានជិះម៉ូតូគេចខ្លួន សំណាងមិនល្អក៏ដួលត្រូវបានបងប្អូន និងជនរងគ្រោះក្របួចជាប់រួចបញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ថា ករណីខាងលើបានកើតឡើងនៅវេលាម៉ោង ៣៖៣០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ចំណុចផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យថា ជនសង្ស័យមានឈ្មោះ សិទ្ធិ ថានីន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដសហនាក់នៅផ្ទះលេខ១៦៨ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញជិះម៉ូតូម៉ាកស្កុបពីសេរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ចាម1-J9553។ ចំណែកជនរងគ្រោះមានឈ្មោះ ជា ទេពសុធី អាយុ៣១ឆ្នាំ មុខរបរដឹងជញ្ជូនស្នាក់នៅភូមីទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទូរស័ព្ទត្រូវចោរចំនួន២គ្រឿងម៉ាក VIVO និងOPPO។

សមត្ថកិច្ចបានបញ្ជាក់ថា ដំណើររឿងនៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយចុចទូរស័ព្ទនៅលើម៉ូតូលើផ្លូវបេតុងកែងផ្លូវឌួងងៀប ពេលនោះស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូម្នាក់ឯងចេញពីផ្លូវចោមចៅ។ ទៅដល់ចំណុចកើតហេតុជនសង្ស័យ បានឃើញជនរងគ្រោះកំពុងតែអង្គុយចុចទូរស័ព្ទម្នាក់ឯងហើយមានស្ថានភាពស្ងាត់ ពេលនោះជនសង្ស័យបានជិះម៉ូតូទៅក្បែរជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេចចំនួន២គ្រឿង។

ក្រោយកើតហេតុ ជនសង្ស័យជិះម៉ូតូគេចខ្លួនបានប្រហែល ១០ ម៉ែត្រជនសង្ស័យបានជិះម៉ូតូទៅបុកនិងបងប្រុសរបស់ជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ ខណៈនោះជនសង្ស័យក៏ត្រូវបានជនរងគ្រោះ និងបងប្រុសឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅទី១ បញ្ជូនមកកាន់ជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕