(ព្រះសីហនុ)៖ រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Zaheeruddin Babar Thaheem អគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។

ក្នុងកិច្ចពិភាក្សាខាងលើលោកអភិបាល បានចង្អុលបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានក្រុងពីរ ស្រុក៣ ស្មើ២៩ឃុំ-សង្កាត់ មានកោះចំនួន៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ និងមានផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ សួនច្បារ លំហរឆ្នេរសាធារណៈ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹតកម្មទឹកកខ្វក់ និងរូបសំណាកបដិមា បង្កើនការទាក់ទាញភ្ញៀវទេសចរ។ ការអភិវឌ្ឍថ្មីៗបន្ថែមទៀត រួមមាន៖ ការងារស្តាអូរ ប្រឡាយ និងការសាងសង់ទីលានចាក់សំរាមជាដើម។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី។

អភិបាលខេត្តបានបន្តថា ខេត្តព្រះសីហនុ មានសក្តានុពលជាច្រើនដូចជា កំពង់ផែទឹកជ្រៅ ស្រូបយកទំនិញកុងតឺន័រ ៧០ភាគរយក្នុងប្រទេសកម្ពុជា បច្ចុប្បន្នរាជរដ្ឋាភិបាល បានសហការជាមួយរាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA កសាងពង្រីកទីលានកុងតឺន័រ និងផែដែលមានជំរៅទឹករហូត១៣,៥០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ មានសមត្ថភាពអាចឱ្យនាវាមានចំណុះ ៥ម៉ឺនតោនចូលចតបាន។ អាកាសយានដ្ឋានអន្តរជាតិ បានពង្រីកផ្លូវរត់រហូត៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះប្រភេទធំហោះឆ្លងទ្វីបចុះចតបាន និងកំពុងបន្តសាងសង់ស្ថានីយចេញដំណើរឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។ រាជរដ្ឋាភិបាលបានសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ និងគ្រោងបញ្ចប់នៅខែ១០ ឆ្នាំ២០២២ ខាងមុខ។

លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបពិភាក្សាការងារ នេះជាលើកទី២ ដែលលោកបានមកកាន់ ខេត្តព្រះសីហនុ និងមានឱកាសបានឃើញពីការអភិវឌ្ឍរីកចម្រើនមានដូចជា ឆ្នេរសមុទ្រ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោកបានបន្តថា ខេត្តព្រះសីហនុ មានសក្តានុពលវិនិយោគ និងទេសចរណ៍ ជាទីក្រុងថ្មី ដែលមានអាកាសយានដ្ឋានអន្តរជាតិ អាចទទួលយន្តហោះធុនធំ មកពីបណ្តាប្រទេសចុះចតបាន ផ្លូវល្បឿនលឿនអាចទាក់ទាញស្រូបយកភ្ញៀវ ទេសចរ កាន់តែច្រើននាពេលខាងមុខ។ ហើយកំពង់ផែទឹកជ្រៅវាបានផ្តល់សក្តានុពលសេដ្ឋកិច្ច ជាទីក្រុងហិរញ្ញវត្ថុនាពេលខាងមុខផងដែរ។

លោកសង្ឃឹមថាក្រុងព្រះសីហនុនឹងក្លាយជាតំបន់ទេសចរណ៍យ៉ាងពិតប្រាកដនៅថ្ងៃខាងមុខ ហើយនៅមានកត្តាជាច្រើនផ្សេងទៀតជួយលើកកម្ពស់សក្តានុពលរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះលោក Zaheeruddin Babar Thaheem បានស្នើសុំការអនុញ្ញាតចូលចត នាវាយោធារបស់ប្រទេសប៉ាគីស្ថាន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ និងសុំអញ្ជើញអភិបាល ខេត្តព្រះសីហនុ ចូលរួមក្នុងកម្មវិធីចូលចតនាវាយោធាប៉ាគីស្ថាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ៕