(ព្រះសីហនុ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការរួមគ្នាបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់រថយន្តមិនបានសម្រេច) កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០៖២០នាទីព្រឹកនៅចំណុច ផ្លូវអូរ២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹង នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

បើតាមសម្តីលោក ជាវ វិបុល ក្រោយទទួលបានបទបញ្ជាផ្ទាល់ លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនចំនួន៣នាក់ នាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់គ្មានស្លាកយីហោ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅចំណុចមុខផ្ទះអ៉ិនធឺណេត សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពួកគេធ្លាប់ធ្វើសកម្មភាព កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវកម្លាំងជំនាញរួមដៃគ្នាបង្ក្រាបបានរួមមានទី១៖ ឈ្មោះ សួន សារ៉ាត ភេទប្រុស អាយុ៤៣ឆ្នាំ, ទី២៖ ឈ្មោះ ស្រូយ ស្រស់ ភេទប្រុស អាយុ៤១ឆ្នាំ, ទី៣៖ ឈ្មោះ យ៉ែម លីហួរ ភេទប្រុស អាយុ៣១ឆ្នាំ ជនសង្ស័យទាំង៣ ធ្លាប់ជាប់ពន្ធនាគារ។

បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យទាំង៣នាក់ ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕