(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ចូលបង់ដោយមិនបាច់កែចង្កូតនេះ សម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជា ត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ តែរថយន្តនាំចូលថ្មី មិនអនុញ្ញាតឱ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវសុំកុំឱ្យមានការនាំរថយន្តចង្កូតស្តាំ ចូលមកប្រទេសកម្ពុជាបន្តទៀត។ ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយល់ស្របជាមួយនឹងសំណូមពររបស់បងប្អូន។ បងប្អូនត្រូវចូលមកបង់ពន្ធ បងប្អូនមិនចាំបាច់ដូរចង្កូតទេ សម្រាប់អ្នកដែលមិនទាន់បានដូរ សម្រាប់អ្នកបានដូរហើយវាចប់ទៅ ដើម្បីបានឡានចង្កូតឆ្វេងប្រើនឹងគេ។ តែអ្នកដែលមិនទាន់បានដូរ ត្រូវចូលមកបង់ពន្ធ រួចហើយក្រសួងសាធារណការត្រូវចេញផ្លាកលេខឲ្យគេ។ កន្លងទៅរថយន្តចង្កូតស្តាំមួយចំនួន បានចូលមកធ្វើការកក់ប្រាក់ រួចហើយទៅកែចង្កូត ឥឡូវអ្នកដែលបានកក់ប្រាក់ហើយ ហើយទៅដូរចង្កូតតែមិនទាន់បានដូរ មិនចាំបាច់ដូរទេ តែត្រូវវិលមកបន្ថែមលុយបង់ពន្ធឲ្យដាច់ រួចទទួលលិខិតពីគយ សម្រាប់បញ្ជូនទៅទទួលផ្លាកលេខ ចំណុចនេះស្របតាមការទាមទារ របស់បងប្អូនហើយ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ខ្ញុំសូមបញ្ជាក់សុពលភាពនៃការអនុញ្ញាតនេះ គឺនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ចាប់ពីថ្ងៃស្អែក ទៅរថយន្តដែលនាំចូលមកថ្មី ជាចង្កូតស្តាំ មិនឲ្យបង់ពន្ធ ហើយក៏មិនឲ្យដូរចង្កូត គឺចាប់យកតែម្តង មិនចាំបាច់និយាយអីទៀតទេ។ ខ្ញុំអនុញ្ញាតនេះ សម្រាប់តែរថយន្តចង្កូតស្តាំដែលកំពុងធ្វើចរាចរណ៍ នៅលើទឹកដីកម្ពុជាតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យនាំចូលថ្មីទេ»

ចំពោះការសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្ត្រីគយ ក៏ដូចជាកម្លាំងសមត្ថកិច្ចតាមព្រំដែនត្រូវស្តាប់ឲ្យច្បាស់ គឺមិនត្រូវឲ្យមានការបន្លំយករថយន្តចង្កូតស្តាំថ្មីៗ ចូលមកកម្ពុជា ដើម្បីចូលបង់ពន្ធនោះទេ។ សម្តេចបញ្ជាក់ថា រថយន្តចង្កូតស្តាំអត់ពន្ធ មានតែលួចនាំចូលតាមព្រំដែនថៃប៉ុណ្ណោះ។

បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថា ការប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូត និងចង្កូតឆ្វេង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ពីរថយន្តសរុប ៩៧០៧គ្រឿង ខណៈយុទ្ធនាការត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។

ក្នុងចំណោមរថយន្តចង្កូតស្តាំសរុប ដែលបានមកតម្កល់ប្រាក់កក់ មានចំនួន ៤៤៩០គ្រឿងហើយ បានទៅកែចង្កូតពីស្តាំមកឆ្វេង និង បានបង្វែរប្រាក់កក់មកជាប្រាក់ពន្ធបង់ ចូលថវិកាជាតិ និងរថយន្តចង្កូតស្តាំប្រមាណ ២៥០៩គ្រឿងទៀត ស្ថិតក្នុងដំណាក់កាលកែ ចង្កូតនៅតាមយាន្តដ្ឋាននានា៕