(រតនគិរ)៖ គេសង្កេតឃើញមានទីតាំងបើកល្បែងភ្នាល់ជាច្រើនកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលធ្វើឲ្យប៉ះពាល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយបង្ក្រាបឲ្យមានប្រសិទ្ធភាពផង។

ជុំវិញបញ្ហានេះ ប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី លោក ញ៉ែម សំអឿន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានប្រាប់ភ្នាក់ងារ Fresh News យ៉ាងខ្លីថា គាត់បានសួរទៅអាជ្ញាធរក្រុងបានលុងហើយថា ល្បែងខ្លះមានអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធខាងលើ មកបើកសាខានៅខេត្ត និងល្បែងខ្លះទៀតលួចលាក់ (ខុសច្បាប់) លោកមិនគាំទ្រឲ្យមានបើកលេងទេ។

លោកបន្តថា «ទីកន្លែងបើកលេងល្បែងនោះមិនច្រើនដូចសេចក្តីរាយការណ៍ទេ ប៉ុន្តែជាទូទៅលោកមិនចង់ឲ្យមានទេប៉ះពាល់សណ្តាប់សង្គម ទម្លាប់មិនល្អព្រោះមិនចូលចិត្តវាទេ»

បើតាមសមត្ថកិច្ចមូលដ្ឋានក្រុងបានលុងខ្លះ បានលួចបង្ហើបឲ្យដឹងថា ល្បែងស៊ីសងរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖ ឆ្នោតវៀតណាម, ឡូតូ, ហ្គេមបាញ់ត្រី, យូគី, មាន់ក្នុងទូរទស្សន៍, ភ្នាល់បាល់ប្រមាណ៧០-៨០កន្លែង ដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេ គុយទាវ, កន្លែងលក់ចាប់ហ៊ួយ, ក្បែរសាលារៀន, ក្បែរមន្ទីរអង្គភាពរដ្ឋដែលបណ្តាលប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ និងអំពើហិង្សាក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ។

បើតាមសេចក្តីរាយការណ៍ទាំងនេះ ល្បែងស៊ីសងខាងលើនេះ វាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សាហើយ គេចសាលារៀនដោយវក់វ៉ីនឹងល្បែងមិនទាន់ចេះរកលុយខ្លះលួចទ្រព្យសម្បត្តិឪពុក-ម្តាយ, យកម៉ូតូទៅបញ្ចាំលេងល្បែងខូចអនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈកន្លងមកនេះទីក្រុងបានលុងជាបេះដូងខេត្តរតនគិរី ដែលធ្លាប់តែមានសន្តិសុខ បែរជាមានចោរកម្មកើតឡើងជាច្រើនករណីរ។

ជាមួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ សូមឲ្យអាជ្ញាធរខេត្តជួយបង្ក្រាបដើម្បីសេចក្តីសុខជូនពួកគាត់ផង៕