(ភ្នំពេញ)៖ ក្រុមចោរឆក់៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌកំបូល និងកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជាបន្តបន្ទាប់ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល ក្រោយពេលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច២លើក។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ជនសង្ស័យដែលចាប់ខ្លួនបាន៣នាក់នោះ រួមមាន ទី១៖ឈ្មោះ សុខ សុខា ហៅឆេះ អាយុ២២ឆ្នាំ មានសារធាតុញៀន, ទី២៖ឈ្មោះ មឿន សុពិន អាយុ១៨ឆ្នាំ មានសារធាតុញៀន និងទី៣៖ឈ្មោះ ប៉ោ លីហ៊ាង អាយុ១៨ឆ្នាំ គ្មានសារធាតុញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង៩យប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋានចំណុចខាងលើ បានជួបជនសង្ស័យឈ្មោះ សុខ សុខា ហៅឆេះ កំពុងអង្គុយនៅតូបលក់កាហ្វេមួយកន្លែង ហើយមានការសង្ស័យនគរបាលបានឃាត់ខ្លួនយកមកសាកសួរ។

ខណៈនោះជនសង្ស័យបានសារភាពថា កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក OPPO ពណ៌ក្រហម មួយគ្រឿងពីស្រ្តី២នាក់តាមផ្លូវជាតិលេខ៤ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។

បន្ទាប់ពីទទួលបានចម្លើយសារភាព ទើបនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ោ លីហ៊ាង ដែលកំពុងឈរនៅលើផ្លូវមុខតូបលក់សាច់ក្រក់ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក យកមកសាកសួរម្នាក់ទៀត។ ពេលនោះជនសង្ស័យទី២ បានសារភាពថា កាលពីវេលាម៉ោង០៤៖២០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ មឿន សុពិន បានធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក OPPO A15 ពណ៌ក្រហម ពីមនុស្សស្រី២នាក់ នៅចំណុចមុខក្លោងទ្វាវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក។

ក្រោយមកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យឈ្មោះ មឿន សុពិន ចំណុចផ្ទះសំណាក់យីហោ ហេង សំណាង ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្រោយបញ្ចប់ការសួរនាំ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕