(កំពត)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចែកគោគួរបាន ចំនួន២០០ក្បាល និងពពែ ចំនួន១០០ក្បាល ជូនសាសនិកឥស្លាមនៅខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។

ពិធីនេះធ្វើឡើងនៅ ភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដែលមានការចូលរួមពីលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលភ្នំពេញ, លោក ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលកំពត, លោក លី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលតាកែវ អនុរដ្ឋលេខាធិការ ទីប្រឹក្សារដ្ឋាភិបាល ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត, គណៈអុីម៉ាំខេត្តកំពត, គណៈអុីម៉ាំខេត្តតាកែវ, តំណាងអភិបាលស្រុកទឹកឈូ, ក្រុមប្រឹក្សាស្រុកទឹកឈូ, គណៈចលនាសាសនិកឥស្លាមខេត្តកំពត, យុវជនស.យ.ម.ក និងយុវជនស.ស.យ.ក ជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវមតិផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ដល់អង្គពិធីទាំងអស់គ្នាផងដែរ។

លោក រ៉ូហ្វី អូស្មាន ក៏បានថ្លែងអំណរគុណដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ក្លាយជាថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជាស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ឲ្យបុរសអាចពាក់កាតឹប និងស្រ្តីឥស្លាមអាចទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។សិស្ស-និស្សិតឥស្លាម អាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀន ទាំងនៅគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា។

បន្ថែមពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងបន្តអនុវត្តតាមវិធានការសុខាភិបាល ដើម្បីការពារពីការឆ្លងកូវីដ-១៩ ព្រោះថ្មីៗនេះមេរោគនេះ ត្រូវបានឆ្លងក្នុងសហគមន៍វិញក្រោយស្ងប់ស្ងាត់មួយរយៈ។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាកន្លងមក និងអំពាវនាវឲ្យពលរដ្ឋបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍបន្តទៀត។

សូមជម្រាបថា គោគួរបាន ចំនួន២០០ក្បាល និងពពែ ១០០ក្បាល ជូនសាសនិកឥស្លាមមកពីខេត្តចំនួន៣ខាងលើ ត្រូវចំណាយថវិកាសរុបចំនួនជាង ១២០,០០០ដុល្លារ ដែលបានមកពីសប្បុរសជនម៉ាឡេសុី និងសប្បុរសជនសិង្ហបុរី តាមរយៈគ្លីនិក មើត ឌុលសេត ដែលស្ថិតនៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នងស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីបញ្ចប់ពិធីខាងលើ លោក រ៉ូហ្វី អូស្មាន ក៏បានដឹកនាំគណៈប្រតិភូ ចុះប្រគល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២ខ្នង នៅភូមិកំពង់កេះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ជាអំណោយរបស់សប្បុរសជនក្រៅប្រទេស ផ្តល់តាមរយៈអង្គការមូលនិធិអាស៊ានសម្រាប់ការបណ្តុះបណ្តាល និងអភិវឌ្ឍ ដែលចំណាយថវិកាសរុបចំនួន ៤,៦០០ដុល្លារ៕