(រតនគិរី)៖ ក្នុងឱកាសប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់កាចាញ អាណត្តិទី៥ នៃរដ្ឋបាលក្រុងបានលុង នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ខៃ ស៊ានឃាន់ អភិបាលរងក្រុងបានលុង បានណែនាំឲ្យប្រធានក្រុមប្រឹក្សាសង្កាត់ សមាជិក សមាជិកាទាំងអស់ ដែលទើបតែជាប់ឆ្នោត ត្រូវយកចិត្តទុកដាក់បំពេញតម្រូវការសេវាសាធារណៈជូន ពិសេសការស្នើសុំសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និងសេវាផ្សេងទៀតឲ្យទាន់ពេលវេលា និងមានតម្លាភាព។

លោកអភិបាលរងក្រុងបានលុង បានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការងារសន្តិសុខ ក្នុងមូលដ្ឋានភូមិ ឃុំមានសុវត្ថិភាព ត្រូវចុះល្បាតពួនស្ទាក់ ឬច្បាមយកនូវបទល្មើសដូចជា ចោរកម្ម លួច ឆក់ ត្រូវសហការជាមួយប៉ុស្តិ៍មូលដ្ឋានលុបបំបាត់ក្មេងទំនើង និងបញ្ហាគ្រឿងញៀនជាដើម។

លោក ខៃ ស៊ានឃាន់ ក៏ជំរុញដល់អាជ្ញាធរត្រូវចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលជួបនូវជីវភាពខ្វះខាត និងត្រូវផ្តល់នូវអំណោយមនុស្សធ៌មដល់គាត់ ពិសេសនឹងអាចយល់ពីការកង្វល់ ឬទុក្ខលំបាកពួកគាត់, ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋមិនត្រូវរើសអើងបក្សខាងណានោះទេ, ត្រូវខិតខំផ្តល់សេវាក្នុងយន្តការតែមួយដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ត្រូវរៀបចំរចនាសម្ព័ន្ធការងារ ឬបែងចែកភារកិច្ចការងារដល់សមាជិក សមាជិកា នៃក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ត្រូវអនុវត្តការងារតាមថ្នាក់លើដាក់ជូន និងត្រូវអនុវត្តនូវគោលការណ៍រាយការណ៍ជូនមកថ្នាក់លើដែលមានបញ្ហាកើតឡើងមិនអាចដោះស្រាយបាន។

ជាមួយគ្នានេះ លោក ទុន ពៅ ប្រធានក្រុមប្រឹក្សាសង្កាត់កាចាញ នៃអាណត្តិទី៥ បានប្តេជ្ញាចិត្តខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាននិងគោលការណ៍ណែនាំនានារបស់ថ្នាក់ដឹកនាំ, ពង្រឹងថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរក្រុមប្រឹក្សា មន្ត្រីសង្កាត់ មន្ត្រីភូមិ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

បន្ថែមលើនេះ ប្រធានក្រុមប្រឹក្សាសង្កាត់ដែលទើបជាប់ឆ្នោត បានសន្យាជំរុញការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសុខដុមនីយកម្មជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ខិតខំប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល និងគៀងគរថវិកាបន្ថែមពីសប្បុរសជននានា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដើម្បីចូលរួមអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត។

លោកនឹងជំរុញផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរឲ្យកាន់តែកៀកប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ខិតខំពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ ដើម្បីទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ៕