(ភ្នំពេញ)៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៥៦ ដែលរៀបចំដោយភាគីឡាវ និងដឹកនាំអង្គប្រជុំដោយភាគីឥណ្ឌូណេស៊ី ក្នុងការពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តរបស់គណៈកម្មការទេសចរណ៍អាស៊ាន និងដៃពាក់ព័ន្ធ ដើម្បីផ្តល់ក្នុងការតម្រង់ទិសក្នុងការអនុវត្តផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញក្រោយវិបត្តិកូវីដ-១៩។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន ប្រទេសបូកបី (ចិន ជប៉ុន និងកូរ៉េ) ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន អង្គការទេសចរណ៍ពិភពលោក (UNWTO) មជ្ឍមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឍមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងមជ្ឍមណ្ឌលអាស៊ាន-កូរ៉េ (AKC) សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក (US-ABC; VISA, Agoda and Google….) ដែលមានសមាសភាពប្រមាណជាង២០០នាក់ តាមប្រព័ន្ធវីដេអូខនហ្វើរិន ដែលរៀបចំដោយឡាវ និងដឹកនាំដោយឥណ្ឌូណេស៊ី។

កិច្ចប្រជុំទាំងនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ ពិនិត្យ និងវាយតម្លៃការអនុវត្តសេចក្តីសម្រេច របស់អង្គប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥ នៅអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខេត្តព្រះសីហនុ។

២៖ ពិនិត្យនិងវាយតម្លៃការរៀបចំក្របខណ្ឌ គោលនយោបាយ ស្តីពីការអភិវឌ្ឍគោលដៅទេសចរណ៍ តំបន់អាស៊ានប្រកបដោយចីរភាព ដោយផ្អែកលើការវាយតម្លៃផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ ដែលនឹងត្រូវអនុម័តដោយកិច្ចប្រជុំកំពូលអាស៊ាន ២០២២ ដែលកម្ពុជាជាប្រធានអាស៊ានផងដែរ។

៣៖ រៀបចំការសិក្សាស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកស្តីពីអ្នកជំនាញទេសចរណ៍ ដើម្បីរៀបចំ និងធ្វើឲ្យប្រសើឡើងនូវយន្តការនេះសម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន ក្នុងគោលដៅអាចឲ្យអ្នកជំនាញទេសចរណ៍អាចចល័តការងារនៅក្នុងតំបន់អាស៊ានត្រឹមឆ្នាំ២០២៥។

៤៖ អាស៊ានបានកំណត់ផែនការអាទិភាពសម្រាប់ឆ្នាំ២០២២-២០២៣ ដែលស្ថិតក្រោមសរសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន Digitalisation និងការអភិវឌ្ឍតំបន់អេកូទេសចរណ៍ និងឆ្ពោះទៅកាន់ការបន្ថយការបញ្ចេញឧស្ម័នកាបូនិក (Decarbonization) ដែលស្របតាមគោលនយោបាយជាតិស្តីពីអេកូទេសចរណ៍ដែលបានអនុម័តដោយរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០១៨។

៥៖ ប្រទេសអាស៊ានបូកបីបានប្តេជ្ញា ក្នុងការជំរុញស្តារវិស័យទេសចរណ៍អាស៊ានបូកបីឡើងវិញ តាមរយៈការអនុវត្តសកម្មភាពផែនការ សហប្រតិបត្តិការអាស៊ានបូកបី ២០២១-២០២២ ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍តាមរយៈគម្រោងមួយចំនួន ជាពិសេសតាមរយៈមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ។

៦៖ ប្រទេសអាស៊ាន-ឥណ្ឌាបានប្តេជ្ញាក្នុងការស្តារវិស័យទេសចរណ៍អាស៊ាន-ឥណ្ឌា ជាពិសេសផ្តោតសំខាន់លារសហគ្រាខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ព្រមទាំងឥណ្ឌាសន្យាជួយបណ្តុះបណ្តាលផ្នែកឌីជីថលដល់ប្រទេសសមាជិកអាស៊ាន។

អង្គប្រជុំបានកត់សម្គាល់ផងដែរថា បន្ទាប់ពីការប្រកាសបើកទេសចរណ៍អាស៊ានដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យពិភាក្សាបើកទេសចរណ៍អាស៊ានឡើងវិញ នាឱកាសពិធីបើកវវេទិកាទេសចរណ៍អាស៊ាន២០២២ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសសមាជិកអាស៊ានបន្តបើកប្រទេសពេញលេញក្នុងការទទួលទេសចរណ៍អន្តរជាតិចាក់វ៉ាកសាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ ដែលផ្តើមចេញពីប្រទេសកម្ពុជាមុនគេ គឺនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថា ៦ខែដំបូងនៃឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៥១ម៉ឺននាក់ កើនឡើងប្រមាណ៣៩៤.១% និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ៧លាននាក់ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕