(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២២ មន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការត្រួតពិនិត្យយានយន្តសរុប ១,៨៣១,៣៧៤គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១,២៣០,០១០គ្រឿង រថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះមាន ៥៩៩, ៧២១គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលត្រូវបានផាកពិន័យមាន ១,៦៤៣គ្រឿង ពិន័យទឹកប្រាក់សរុបប្រមាណ ២.៨ពាន់លានរៀល។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា ក្នុងចំណោមរថយន្ត ១,៦៤៣គ្រឿងដែលបានផាកពិន័យ មានរថយន្តចំនួន ២២០គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញាតត្រូវផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ ដោយយោងតាមច្បាប់ ផ្លូវថ្នល់មាត្រា ៦០។

សូមជម្រាបដែរថា ជារឿយៗលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តែងតែបានអំពាវនាវម្តងហើយម្តងទៀត ទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកជញ្ជូនទំនិញលើសទម្ងន់ កម្រិតកំណត់ធ្វើឱ្យផ្លូវឆាប់ខូចឆាប់ រេចរិលមុនអាយុកាល មានជង្ហុកសម្បុកមាន់ បង្កគ្រោះថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើនក្នុងការជួសជុល និងថែទាំផ្លូវ។

ជាមួយគ្នានោះ ដើម្បីថែរក្សាផ្លូវកុំឱ្យឆាប់ខូចមុនអាយុកាល លោកទេសរដ្ឋមន្ត្រី បានលើកឡើងនូវរូបមន្តដូចជា៖ ឧទាហរណ៍ច្បាប់អនុញ្ញាតឱ្យដឹក៣០តោន ប៉ុន្តែយើងដឹក៤០ តោន លើសដប់តោន នោះគេយក ១០ x ១០ ស្មើនឹង ១០០ យក ១០០ x ១០ ស្មើ ១០០០ យក១០០០ x ១០ ស្មើនឹង១០ ០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០តោន ស្មើនឹងឡាន ១០ ០០០គ្រឿងដឹកទំនិញលើផ្លូវ ប៉ុន្តែបើមានឡានដឹកលើសទម្ងន់៣០ តោន គេយក ៣០ x ៣០ ស្មើនឹង៩០០ យក៩០០ x ៣0 ស្មើនឹង ២៧ ០០០ យក២៧ ០០០ x ៣០ ស្មើនឹង ៨១០,០០០ ដូច្នេះឡានមួយគ្រឿងដឹកទំនិញលើស ៣០តោនវាស្មើនឹងឡាន៨១០,០០០គ្រឿងបើកលើផ្លូវ នាំឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

ជាយន្តការទប់ស្កាត់ការងារដឹកលើសទម្ងន់កម្រិតកំណត់ ទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ និងមន្រ្តីអនុវត្តបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីរឹតបន្តឹងការដឹកជញ្ជូន ឱ្យស្របតាមច្បាប់កំណត់ និងអនុវត្តយន្តការ ចល័តដើម្បីឆ្មក់ចាប់រថយន្តដឹកលើសនៅទូទាំងប្រទេសកម្ពុជា។

ក្នុងនោះដែរ គ្រប់ក្រុមការងារពាក់ព័ន្ធ បានធ្វើការផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងអស់ ជាពិសេសចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ថ្មី និងការដ្ឋានដឹកដីឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចេកទេស ស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឱ្យបាននូវការ ដឹកលើសទម្ងន់ កម្រិតកំណត់ដែលនាំឱ្យផ្លូវឆាប់ខូច កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាពទីក្រុង ជាពិសេស ដើម្បីអប់រំអំពីចំណេះដឹង ជុំវិញច្បាប់ចរាចរណ៍ និងផ្តោតលើការផាកពិន័យ និងការឃាត់ទុកយានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា៦០។

ក្រៅពីយន្តការផ្សព្វផ្សាយ និងអប់រំលើការងារគ្រប់គ្រង តាមដានសកម្មភាពរបស់មន្រ្តីអនុវត្តការងារ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក៏បានបំពាក់កាមេរ៉ាបញ្ជូន រូបភាព (CCTV Camera) តាមស្ថានីយជញ្ជីងអចល័តនានា និងបានធ្វើការផ្លាស់ប្តូរមន្រ្តីនៅតាមស្ថានីយមួយចំនួន ដែលបានប្រព្រឹត្តខុសឆ្គងក្នុងការអនុវត្តការងារ។

ទាក់ទងនឹងការងារចុះឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់បាន និងកំពុងអនុវត្តទាំងយប់ទាំងថ្ងៃដូចភ្លៀង រលឹម ដើម្បីទប់ស្កាត់បទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ ដែលជាកត្តានាំឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ ចរាចរណ៍ផងដែរ។

ជាទិសដៅបន្ទាប់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងសិក្សាលទ្ធភាពសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមបណ្តារាជធានី-ខេត្ត និងផ្លូវជាតិសំខាន់ៗ មួយចំនួន ព្រមទាំងបន្តការអប់រំផ្សព្វផ្សាយបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់ទិន្នន័យ ពីគ្រប់ស្ថានីយជញ្ជីងមកទីស្តីការក្រសួង។