(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយ លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង សាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានចុះអនុវត្តរុះរើរោងខ្ទម និងឃាត់ខ្លួនមនុស្សម្នាក់មកសួរនាំ ដែលដាំ និងសង់បែបអនាធិបតេយ្យ លើទីតាំងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ស៉ី អេច ភីប៊ី ឌីវេឡុបមេន ស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ការចុះអនុវត្តការុះរើរោងខ្ទមនេះដែរ ក្រោយពីពិនិត្យឃើញថា មានការចូលកាប់រានទន្ទ្រានហ៊ុព័ទ្ធយកដីរបស់រដ្ឋ ធ្វើកម្មសិទ្ធិស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម និងភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ក្នុងនោះ អាជ្ញាធរខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានកាន់កាំបិទក្នុងដៃសង្ស័យថា គាត់ចូលកាប់ទន្រ្ទានហ៊ុព័ទ្ធដីរដ្ឋដោយខុសច្បាប់ ដោយសារគាត់ស្ថិតក្នុងចំណុចទន្រ្ទានយ៉ាងអានាធិបតេយ្យ យកមកសាកសួរស៉ើបអង្កេត ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្នុងការចុះអនុវត្តនោះដែរ ត្រូវបានពលរដ្ឋមួយក្រុម ជឿការញុះញង់របស់មេខ្យល់ធ្វើការបះបោរបាតុកម្មបិទផ្លូវ មិនឲ្យធ្វើដំណើរ ទោះអាជ្ញាធរព្យាយាមសម្របសម្រួល ជាមួយពួកគាត់យ៉ាងណា ក៏ពួកគាត់មិនព្រមស្ដាប់ដែរ រហូតដល់ម៉ោង៣៖៣០នាទីរសៀល ទើបពួកគាត់ព្រមបំបែកគ្នា។ ហើយកម្លាំងចម្រុះនៅតែបន្តចុះអនុវត្ត និងរារាំងមិនឲ្យពលរដ្ឋចូលទៅកាប់ទន្រ្ទាន និងសង់រោងខ្ទម នៅលើទីតាំងដីហាមឃាត់ ថែមទាំងដាក់កម្លាំងនៅយាមជាប្រចាំទៀតផង។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តក្រចេះ លេខ ០៨៧ ស.ជ.ណ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឲ្យឈប់ជឿតាមការញុះញង់របស់មេខ្យល់ គៀងគរ ចូលទៅកាប់ទន្រ្ទានហ៊ុព័ទ្ធយកដីរបស់រដ្ឋ ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៊ីអេចភីប៊ី ឌីវេឡុមេន ដែលនៅសល់និងបានកាយ ក្រវ៉ាត់ព្រំរួចហើយ បើបងប្អូននៅតែបន្ត និងត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ជាធរមាន។

ហើយចំពោះមេខ្យល់ ត្រូវបញ្ឈប់សកម្មភាពញុះញង់គៀងគរ ប្រជាពលរដ្ឋឲ្យចូលទៅកាប់ទន្រ្ទានហ៊ុព័ទ្ធយកដីរបស់រដ្ឋ ដោយខុសច្បាប់បន្តទៀត ប្រសិនបើនៅតែបន្តប្រពឹ្រត្តទង្វើនេះទៀត អង្គភាព-ស្ថាប័ន មានសមត្ថកិច្ចនឹងអនុវត្តវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋក្រីក្រ អត់ដី ខ្វះខាតដី សម្រាប់ប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដ សូមអញ្ជើញទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច នៅតាមភូមិឃុំសាម៉ីដែលខ្លួនរស់នៅ។

រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រង់ប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត បានកំណត់ទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅចំណុចស្រែភ្នី ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ៕