(ភ្នំពេញ)៖ តបតាមសំណើរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា ទទួលជួបជាមួយ ប្រតិភូតំណាងបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ (Principal Donors Group) ប្រចាំនៅអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យសមាជិក សមាជិកានៃប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាអំពីកេរដំណែលរបស់អង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

តំណាងក្រុមបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ ដែលមានវត្តមាននាពេលនេះរួមមាន៖ អូស្ត្រាលី សហភាពអឺរ៉ុប បារាំង ជប៉ុន និងសហរដ្ឋអាមេរិក។

តាមរយៈកិច្ចជំនួបនេះ ប្រតិភូនៃភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការផ្សាភ្ជាប់យុវជនជំនាន់ក្រោយ ទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) និងលើកិច្ចការ និងយន្តការក្នុងការបន្តចែករំលែកព័ត៌មានអំពីសមិទ្ធផល និងកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទាំងក្នុងប្រទេស និងក្នុងពិភពលោក។

ទន្ទឹមនេះអង្គជំនួបក៏បានរំលេចពីភាពសំខាន់នៃ «ច្បាប់ស្តីពីការអនុម័តយល់ព្រមកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានចូលជាធរមានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងនឹងចាប់ផ្តើមអនុវត្តចាប់ពីដើមឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ផងដែរ៕