(ភ្នំពេញ)៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលសម្រាប់ ទ្រទ្រង់ដំណើរការកាត់ សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬហៅកាត់ថាសាលាក្តីខ្មែរក្រហម នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ ប្រមាណ១០ប្រទេស។

សមាសភាពនៃគណៈប្រតិភូ រួមមាន៖ អូស្ត្រាលី សហភាពអឺរ៉ុប បារាំង ជប៉ុន ស៊ុយអែត អង់គ្លេស និងតំណាងទូតមួយចំនួននៅរាជធានីភ្នំពេញ។ នៅក្នុងគណៈប្រតិភូនេះ គឺមានលោកស្រី Alexandra Hutchison តំណាង ប្រទេសអូស្ត្រាលី ជាប្រធានប្រតិភូ តំណាងប្រទេសផ្តល់ជំនួយ និងជាអ្នកធ្វើរបាយការណ៍ទៅបណ្តាប្រទេសផ្តល់ជំនួយទៅទីក្រុងញូវយ៉ក។ ដោយឡែកលោកស្រី Hanna Dreifeldt គឺជាមន្ត្រីច្បាប់ជាន់ខ្ពស់របស់ការិយាល័យទទួល បន្ទុកកិច្ចការច្បាប់របស់ អ.ស.ប ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។

លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ អ.វ.ត.ក. បានដំណើរការកាត់សេចក្តីប្រកបដោយជោគជ័យ និងជិតបិទបញ្ចប់ដំណើរការកាត់សេចក្តីហើយ គឺគ្រោងនឹងបញ្ចប់សំណុំរឿង ចុងក្រោយរបស់ខ្លួននៅ ត្រឹមត្រីមាសទី៤ ឆ្នាំ២០២២នេះ។

ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងអំណរគុណដល់បណ្តាប្រទេសផ្តក់ជំនួយទាំងអស់ដែលបានរួមចំណែកផ្តល់ថវិកាដល់ អ.វ.ត.ក. ដែលសម្រេចបានសមិទ្ធផលការងារ ប្រកបដោយជោគជ័យ ហើយដែលជោគជ័យនេះ គឺជាជោគជ័យរួមទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលកន្លងមកបានរួមសហការគ្នាបានយ៉ាងល្អ ហើយដែល អ.វ.ត.ក. អាចក្លាយជាគំរូតុលាការមួយសម្រាប់ការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ៗ និងការសម្លាប់រង្គាលនាពេលអនាគតលើឆាកអន្តរជាតិ និងជាពិសេសនៅថ្នាក់តំបន់។

លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍បន្ថែមថា អ.វ.ត.ក. នៅមានការងារសំខាន់ៗចំនួនពីរទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវកិច្ចព្រមព្រៀងបន្ថែមជាមួយអង្គការ សហប្រជាជាតិ សម្រាប់អនុញ្ញាតឱ្យ អ.វ.ត.ក. អនុវត្តបន្តនូវមុខងារដែលនៅសេសសល់ រួមមាន៖

*ទី១៖ ការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងកាត់សេចក្តីរបស់ អ.វ.ត.ក. គឺត្រូវរក្សាទុកឱ្យអនុលោមទៅតាមស្តង់ដារអន្តរជាតិ និងអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើល និងសិក្សាបានយ៉ាងទូលំទូលាយ
*ទី២៖ ការងារអប់រំ និងផ្សព្វផ្សាយស្តីពីសមិទ្ធផលរបស់ អ.វ.ត.ក. គឺមានសារៈសំខាន់ដែលគប្បីជំរុញអនុវត្តឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ព្រមទាំងលើកកម្ពស់ការងារកេរដំណែល របស់ អ.វ.ត.ក.ឱ្យកាន់តែមានលក្ខណៈរឹងមាំ ដើម្បីបន្តអប់រំដល់មនុស្សជំនាន់ក្រោយ ក្នុងគោលដៅទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជានៅលើសកលលោក។

លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានប្រាប់ទៅតំណាងប្រទេសផ្តល់ជំនួយផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ថវិកាដល់ អ.វ.ត.ក. នៅអំឡុងពេលអនុវត្តមុខងារសេសសល់ និងក៏បានសំណូមពរស្នើសុំឱ្យប្រទេសផ្តល់ ជំនួយបន្តផ្តល់ការគាំទ្រដល់ អ.វ.ត.ក.ជាបន្តទៀត លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានសង្កាត់ធ្ងន់ថា ការចូលរួមបន្តកិច្ចសហការរបស់សហគមន៍អន្តរជាតិក្នុងការបន្តផ្តល់ថវិកា គឺដើម្បីឱ្យ អ.វ.ត.ក. ដំណើរការទៅដោយរលូន ជោគជ័យ និងប្រកបដោយកិត្តិយស។

ជាការឆ្លើយតបទាំងលោកស្រី Alexandra Hutchison តំណាងប្រទេសផ្តល់ជំនួយសម្រាប់សម្របសម្រួលដឹកនាំកិច្ចប្រជុំ និងលោកស្រី Hanna Dreifeldt មន្ត្រីច្បាប់ជាន់ខ្ពស់របស់ការិយាល័យទទួលបន្ទុកកិច្ចការច្បាប់របស់ អ.ស.ប. បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់ អ.វ.ត.ក. ដែលរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រចូលរួមយ៉ាងមោះមុត និងបានបញ្ជាក់ថាជោគជ័យដែលសម្រេចបានរបស់ អ.វ.ត.ក. គឺពិតជាកើតចេញពីការជឿទុកចិត្តគ្នា និងការរួមសហការគ្នាបានល្អក្នុងគ្រប់ដំណាក់កាលនៃដំណើរការកាត់សេចក្តី។

ដោយសារតែជំនឿទុកចិត្តនេះហើយ លោកស្រី Alexandra Hutchison បានបញ្ជាក់នូវគោលជំហរយ៉ាងច្បាស់លាស់ថា បណ្តាប្រទេសផ្តល់ជំនួយប្តេជ្ញាបន្តគាំទ្រកិច្ចសហការក្នុងដំណើរការរបស់តុលាការដែលនៅសេសសល់នេះ ទាំងការគ្រប់គ្រងបណ្ណាសារ ការផ្សព្វផ្សាយ រួមទាំងការរក្សាកេរដំណែលរបស់តុលាការ ធ្វើយ៉ាងណាឱ្យ អ.វ.ត.ក. សម្រេចបានជោគជ័យ ដោយការបិទបញ្ចប់កិច្ចការរបស់ខ្លួននៅចុងឆ្នាំ២០២២នេះ ប្រកបដោយកិត្តិយស។

ជាចុងបញ្ចប់ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ផងដែរថា ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះគឺមិនមែនជាការសងសឹក ប៉ុន្តែគឺជាការផ្តល់ទំនុកចិត្តដល់តុលាការកាត់សេចក្តី និងបានសម្តែងនូវការថ្លែងអំណរគុណដល់ក្រុមកាងារនៃបណ្តាប្រទេសផ្តល់ជំនួយដែលបានជួបពិភាក្សាការងារ ព្រមទាំងបានប្តេជ្ញាបន្តគាំទ្រការងារដែលនៅសេសសល់របស់ អ.វ.ត.ក.ឱ្យបន្តដំណើរការដើម្បីឈានដល់ការបិទបញ្ចប់ ក្នុងពេលអនាគតខាងមុខ ដែលសមិទ្ធផលទាំងអស់កើតចេញពីកិច្ចសហការរួមគ្នានេះ ធ្វើឱ្យអ.វ.ត.ក.សម្រេចបានជោគជ័យដ៏ធំធេង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៕