(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានក្រើនរំលឹកជាថ្មីដល់ គណបក្សភ្លើងទៀន ឱ្យធ្វើការពិនិត្យ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យ បានត្រឹមត្រូវតាមលក្ខខណ្ឌកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

លិខិតក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ផ្អែកតាមបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតដូចបានចុះក្នុងយោងខាងលើ ក្រសួង មហាផ្ទៃសូមធ្វើការរំលឹកជាថ្មីចំពោះគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យ បានត្រឹមត្រូវតាមលក្ខខណ្ឌកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងស្មារតី នៃលិខិតលេខ ១២៣០ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងត្រូវបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយផងដែរ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ជាមួយនេះដែរ គណបក្សភ្លើងទៀន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋានទីស្នាក់ការកណ្តាលគណបក្ស ជាកំណត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ពាក់ព័ន្ធនឹងករណីមិនប្រក្រតី ក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សប្រឆាំងនេះ។

លិខិតក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្តីសម្រេចដូចចុះក្នុងយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ ស្តីពីគណបក្សនយោបាយ៕