(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករកម្ពុជា បានថ្លែងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជា នឹងចាត់វិធានការរិតបន្តឹងយ៉ាងតឹងរឹង នៅតាមមាត់ច្រកព្រំដែន ជាពិសេសច្រកពំ្រដែនកម្ពុជាថៃ ដើម្បីទប់ស្កាត់ការលួចបន្លំនាំចូលរថយន្តចង្កូតស្តាំថ្មីៗ ពីថៃមកកម្ពុជាបន្តទៀត។

លោកបណ្ឌិត គុណ ញឹម ថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់ថា ក្នុងការទប់ស្កាត់នេះ លោកនឹងចេញសេចក្តីណែនាំដល់មន្រ្តីគយ ជាពិសេសការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅតំបន់៣ ដែលគ្រប់ដណ្តប់នៅខេត្តកោះកុង កំពង់ស្ពឺ ព្រះសីហនុ, ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ ដែលគ្រប់ដណ្តប់លើខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងនៅតំបន់៥ ដែលគ្រប់ដណ្តប់លើខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ឱ្យយកចិត្តទុកដាក់ឃ្លាំងមើល និងបន្ថែមការដាក់ពង្រាយកងកម្លាំងយាមល្បាត ដើម្បីទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំថ្មីៗ ឱ្យបានជាអតិបរមា។

លោកបន្ថែមថា «ព្រំដែនវាទូលាយវែងអន្លាយ ហើយជនខិលខូចនៅតែមាន វាអត់អស់ទេ បើថាឱ្យអស់១០០% ប្រហែលជាលំបាក តែយើងខំប្រឹងប្រែងអនុវត្តតួនាទីរបស់យើង គឺកាត់បន្ថយឱ្យបានជាអតិបរមា។ ដូចខ្ញុំជម្រាប បើថាប្រទេសរបស់យើងកាត់បន្ថយបានច្រើនភាគរយ គឺទទួលយកបាននេះ គឺមានបរិយាកាសមួយសម្រាប់ធ្វើធុរកិច្ចល្អ ចំណូលជាតិក៏បាន ប៉ុន្តែការបន្លំការគេចវេសពន្ធ គឺជាតួនាទីភារកិច្ចដែលយើងអនុវត្តយូរអង្វែងតទៅទៀត ពីព្រោះជនខិលខូចនៅតែមាន ហើយគោលបំណងរបស់យើង គឺធ្វើម៉េចកាត់បន្ថយជនខិលខូច លួចបន្លំ ឱ្យនៅកាន់តែតិច»

ការដាក់វិធានការពង្រឹងបន្ថែម លើការនាំចូលរថយន្តចង្កូតស្តាំដោយគ្មានពន្ធនេះ ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំគ្មានពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូត ពីស្តាំទៅឆ្វេងនោះទេ។ ប៉ុន្តែចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តទៅ មិនអនុញ្ញាតឱ្យមានការនាំចូលចង្កូតស្តាំមកកម្ពុជា ដើម្បីអាចបង់ពន្ធបានឡើយ។

លោកបណ្ឌិត គុណ ញឹម បានអំពាវនាវឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ដែលកំពុងមានស្រាប់នៅក្នុងប្រទេស ចូលមកប្រកាសសិទ្ធិកាប់កាន់រថយន្តចង្កូត បើទោះបីជាមាន ឬគ្មានប្រាក់បង់ពន្ធក៏ដោយ ដើម្បីឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កត់ត្រាពីចំនួនឱ្យបានជាក់លាក់ បើមិនដូច្នេះទេ នៅពេលដែលសមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា ចាប់ផ្តើមចុះបង្រ្កាប នឹងចាត់ទុកថាជារថយន្តថ្មី ដែលនាំចូលក្រោយថ្ងៃទី៦ កក្កដា ឆ្នាំ២០២២។

លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងកំពុងគិតគូរ នីតិវិធី និងយន្តការអនុវត្ត ក្នុងការទប់ស្កាត់រថយន្តចង្កូតស្តាំ ដែលគ្មានស្រាប់ក្នុងប្រទេសលួចនាំចូលមកថ្មីៗ ហើយមកបន្លំថា ជារថយន្តមានស្រាប់។ អីចឹងហើយយើងទុកពេលជាក់លាក់មួយ ដើម្បីឱ្យរថយន្តទាំងនោះ អាចចូលមកប្រកាសថា គាត់មានរថយន្តចង្កូតស្តាំមួយគ្រឿងមិនទាន់បង់ពន្ធ ដើម្បីយើងកត់ត្រាទុកថា រថយន្តមានស្រាប់នៅក្នុងប្រទេសមានចំនួនប៉ុន្មាន ផុតពីនេះទៅយើងលែងទទួលថា គាត់មានស្រាប់ហើយ។ មានន័យថាទុកឱកាសឱ្យមកប្រាប់ មកប្រកាសថា កាន់កាប់រថយន្តមានស្រាប់ដែលគ្មានពន្ធ ដើម្បីឱ្យដឹងថា មានស្រាប់នៅក្នុងប្រទេសមានប៉ុន្មាន ផុតពីនេះទៅ គឺយើងលែងទទួលហើយ ហើយយើងបង្រ្កាបបានយើងចាត់ទុកថា មិនមែនមានស្រាប់ទេ គឺជារថយន្តដែលចូលមកថ្មីៗ»

ចំពោះរថយន្តចង្កូតស្តាំ ដែលចូលខ្លួនមកប្រកាសសិទ្ធិកាន់កាប់ ហើយមិនទាន់លទ្ធភាព ក្នុងការបង់ប្រាក់ពន្ធ រាជរដ្ឋាភិបាលនឹងពិចារណា ទុកពេលឱ្យម្ចាស់រថយន្តចង្កូតស្តាំមកមកបង់ពន្ធពីក្នុងរង្វង់ពី ៦០ទៅ៩០ថ្ងៃ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ រថយន្តអត់ពន្ធចង្កូតស្តាំដែលម្ចាស់បានយកមកដំកល់ប្រាក់ និងបង់ពន្ធមាន៧០៤០គ្រឿង ក្នុងនោះ២ ៥៤៧គ្រឿង មិនទាន់កែចង្កួត។ ក្នុងយុទ្ធនាការប្រមូលចំណូលពន្ធលើករថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ (ទាំងចង្កូតស្តាំ និងឆ្វេង) ដែលមានរយៈពេលជាង១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ ខែកក្កដា ឆ្នាំ២០២២នេះ មានរថយន្តជាង៩៧០០គ្រឿង បានមកបង់ពន្ធ ទទួលចំណូលជាង៧៦លានដុល្លារ៕