(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញវេជ្ជបណ្ឌិតម្នាក់បន្ថែមទៀត និងគិលានុបដ្ឋាក/យិកា ចំនួន៧នាក់ មកពីមន្ទីរពេទ្យព្រះអង្គឌួង ទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ក្នុងកម្មវិធី «ការអញ្ជើញកម្មវិធីបណ្តុះបណ្តាលសម្រាប់គិលានុបដ្ឋាក/យិកា»។

កម្មវិធីបណ្តុះបណ្តាលនេះ ស្ថិតនៅក្នុង «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង»។ ពួកគាត់និងទៅបណ្តុះបណ្តាលរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយគ្រោងនឹងចាកចេញពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។

គោលបំណង នៃកម្មវិធីបណ្តុះបណ្តាលនេះគឺ ទី១៖ ការយល់ដឹងអំពីការការពារ និងការត្រួតពិនិត្យការឆ្លង, ទី២៖ ការកសាងសមត្ថភាព នៃនាយកដ្ឋានផ្នែកគ្រប់គ្រងសេវាជំងឺសម្រាកពេទ្យ/ផ្នែកសេវាជំងឺពិគ្រោះជំងឺក្រៅ និងផ្នែកគ្រប់គ្រង និងបច្ចេកទេសថែទាំគិលានុបដ្ឋាក/យិកា និងទី៣៖ ការកែលម្អចំណេះដឹងផ្នែកពិសេស (បន្ទប់វះកាត់ បន្ទប់ផ្គត់ផ្គង់សម្ភារៈ។ល។) ការគ្រប់គ្រង និងបច្ចេកទេសថែទាំ គិលានុបដ្ឋាក/យិកា។

ដើម្បីជួយសម្រួលដល់កម្មវិធីបណ្ដុះបណ្ដាលនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានផ្តល់កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរដល់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាក/យិកា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។

កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ គឺដើម្បីសម្រួលដល់ការចូលរួមរបស់សិក្ខាកាមកម្ពុជា ឲ្យពួកគាត់ស្គាល់ពីវប្បធម៌កូរ៉េ និងធ្វើឲ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតក្នុងជីវិតរបស់ពួកគាត់នៅសាធារណរដ្ឋកូរ៉េ។ ក្នុងអំឡុងពេលកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ការិយាល័យកយកាបានផ្តល់ប្រធានបទចាំបាច់សំខាន់ៗស្តីអំពី ទី១៖ ព័ត៌មានអំពីប្រទេសកូរ៉េ, ទី២៖ ព័ត៌មានវគ្គសិក្សា និងទី៣៖ ក្រមសីលធម៌ស្តីអំពីសុចរិតភាព និងការជៀសវាងការបៀតបៀនផ្លូវភេទសម្រាប់សិក្ខាកាមជាដើម។

គួររំលឹកថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានអញ្ជើញវេជ្ជបណ្ឌិតចំនួន៦នាក់ មកពីមន្ទីរពេទ្យព្រះអង្គឌួង ទៅចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី «កម្មវិធីបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិត» ស្ថិតនៅក្នុង «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង» នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រយៈពេល២១ថ្ងៃ សម្រាប់វេជ្ជបណ្ឌិតចំនួន៣នាក់ និងកាលពីថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ រយៈពេល៣០ថ្ងៃ សម្រាប់វេជ្ជបណ្ឌិតចំនួន៣នាក់ផ្សេងទៀត។

លោក គីម ខ្វាងវុក (Kim Kwang Wook) អនុប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា បានចូលរួម និងអបអរសាទរចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក/យិកាកម្ពុជា។ លោកក៏បានស្នើឲ្យអ្នកចូលរួម ដែលបានទទួលបានឱកាសដ៏ល្អនេះ សិក្សាស្វែងយល់អំពីការអភិវឌ្ឍរបស់ប្រទេសកូរ៉េ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគាត់នៅសាធារណរដ្ឋកូរ៉េ និងពេលត្រឡប់មកប្រទេសកម្ពុជាវិញ សូមចែករំលែកបទពិសោធន៍របស់ពួកគាត់ទៅគិលានុបដ្ឋាក/យិកាកម្ពុជា នៅក្នុងប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់មកលោក ហ៊ត ស្រ៊ឺ អ្នកឯកទេសកម្មវិធីជាន់ខ្ពស់ និងលោក ហា ជុនស៊ឹង អ្នកជំនាញវ័យក្មេង នៃការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញដោយសង្ខេបអំពីប្រធានបទទាក់ទងទៅនឹងកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ដែលបានលើកឡើងខាងលើ។

សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ បានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង ចំពោះការគាំទ្រ ហើយពួកគេបានបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ នឹងខិតខំសិក្សា ដើម្បីលើកកម្ពស់ការកសាងសមត្ថភាពសម្រាប់ការយល់ដឹងទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលសម្រាប់ គិលានុបដ្ឋាក/យិកា៕