(ភ្នំពេញ)៖ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព ក៏ដូចជាការធ្វើឱ្យចរាចរណ៍របស់ប្រជាពលរដ្ឋនៅលើផ្លូវសាធារណៈមានរបៀបរៀបរយ និងត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីគំនូសសញ្ញាចរាចរណ៍ ៣ប្រភេទ ដែលជួយឱ្យប្រជាពលរដ្ឋ អាចបើកបរបានត្រឹមត្រូវតាមច្បាប់ និងមានរបៀបរៀបរយ។

យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ឱ្យដឹងដូចនេះថា៖

* គំនូសសញ្ញាទី១៖ ជាសញ្ញាភ្លោះជាប់ បែងចែងទិសចរាចរ (DOUBLE YELLOW SOLID LINE) តាមបណ្ដោយទ្រូងផ្លូវ គំនូសសញ្ញាភ្លោះជាប់ពណ៌លឿង ប្រើសម្រាប់ បែងចែងទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះប្រើលើផ្លូវដែលមានចរាចរច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។

* គំនូសសញ្ញាទី២៖ ជាគំនូសសញ្ញាជាប់ បែងចែកគន្លងផ្លូវ (WHITE SINGLE SOLID LINE) ជាគំនូសជាប់ទោលពណ៌ស តាមបណ្ដោយទ្រូងផ្លូវ ដែលប្រើសម្រាប់ បែងចែក គន្លងផ្លូវចរាចរ នៅជិតផ្លូវប្រសព្វ។ អ្នកបើកបរមិនត្រូវឆ្លងកាត់គំនូសនេះដើម្បីប្ដូរគន្លងផ្លូវឡើយ។

* គំនូសសញ្ញាទី៣៖ ជាគំនូសសញ្ញាកំណត់ជាយផ្លូវ (EDGE LINE) នៅតាមបណ្ដោយជាយផ្លូវ គំនូសជាប់ទោល ពណ៌ស ត្រូវបានប្រើសម្រាប់កំណត់ជាយផ្លូវ ឱ្យយានជំនិះធ្វើចរាចរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីគំនូសសញ្ញារលប់ ផ្លាកសញ្ញាមានការបាក់បែក ឬបង្គោលសញ្ញាដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធាន ការទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖ App Store: https://roadcare.mpwt.gov.kh/ios , Play Store: https://roadcare.mpwt.gov.kh/android