(ព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធនាំយកអំណោយជាសំលៀកបំពាក់ ថ្នាំសង្កូវ និងថវិកាមួយចំនួនពីសប្បុរសជនជាតិ និងអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ៧៦ គ្រួសារ នៅភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងឱកាសសំណេះសំណាលជាមួយ ប្រជាពលរដ្ឋទាំង៧៦គ្រួសារនេះ លោកអភិបាលរង លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ពួកគាត់ ដែលបានបំពេញសិទ្ធិជាប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ យ៉ាងផុសផុល កាលពីខែមិថុនាកន្លងទៅ។

ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនេះ លោកអភិបាលរងបាន រំលេចនូវគោលការណ៍ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយ និងពន្យល់អំពីការចាប់ផ្តើមអនុវត្តយន្តការច្រកចេញចូលតែមួយ ថ្នាក់ឃុំ-សង្កាត់ ដែលបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ ព្រមទាំងជូនដំណឹងអំពីគម្រោងរបស់ខេត្តព្រះសីហនុ សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋានទូទាំងខេត្ត ជាពិសេសសង្កាត់លេខ១ ដែលទទួលបានគម្រោងច្រើនជាងគេ និងការចុះសិក្សាដើម្បីតំឡើងអំពូលសូឡាតាមផ្លូវសារធារណៈ នៅតំបន់មួយចំនួនក្នុងសង្កាត់លេខ១។

លោកអភិបាលរង ក៏បានអំពាវនាវក្រើនរម្លឹកដល់ពលរដ្ឋ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ទី៤ ឬទី៥ ឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលទាំងអស់គ្នាផងដែរ៕