(ភ្នំពេញ)៖ អង្គការសមាគមរបស់ខ្មែរ ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងចំនួន៥ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។

អង្គការសមាគមរបស់ខ្មែរមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលបានចេញញត្តិគាំទ្រការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនេះរួមមាន៖ សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, សមាគមបញ្ញាវន្តខ្មែរសាធារណរដ្ឋកូរ៉េ, សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុងសាធារណរដ្ឋកូរ៉េ និងសមាគមខ្មែររួមគ្នាដើម្បីខ្មែរនៅសាធារណរដ្ឋកូរ៉េ។

ក្នុងសេចក្តីថ្លែងការណ៍ និងញត្តិរបស់អង្គការសមាគមខ្មែរនៅកូរ៉េខាងត្បូងនេះ បានគូសរំលេចប្រហាក់ប្រហែលគ្នាថាការធ្វើវិសោធនកម្មនេះ គឺពិតជាបានបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាបាននូវឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសធានាបានថា អំណាចនីតិប្រតិបត្តិអាចដំណើរការបានជាប្រក្រតី និងមិនជាប់គាំងនៅគ្រប់កាលៈទេសៈ ក្នុងការបំពេញបេសកកម្មជូនជាតិ និងមាតុភូមិតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ និងញត្តិរបស់អង្គការសមាគមទាំងនេះបន្តថា ការធ្វើវិសោធនកម្មនេះពិតជាមានភាពចាំបាច់ ដើម្បីធានាបាននូវការគោរពគោលការណ៍គ្រឹះនៅក្នុងរដ្ឋធម្មនុញ្ញ គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ក្នុងសេចក្តីថ្លែងការណ៍ និងញត្តិនេះ បានថ្កោលទោសជនអគតិមួយចំនួន ដែលបានលើកឡើងនូវគំនិតទុទ្ទិដ្ឋិនិយមចំពោះការផ្ដួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងច្បាប់បន្ថែមសំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដនៃសំណើវិសោធនកម្មនាពេលនេះ ហើយជាការលើកឡើងដែលមានចរិតជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុងនៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។

អង្គការសមាគមរបស់ខ្មែរមានមូលដ្ឋាននៅកូរ៉េខាងត្បូង ប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងមានសេចក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម និងទស្សនទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រ និងចូលរួមថែរក្សាការពារសុខ សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា៕