(ព្រះសីហនុ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញបើកកម្មវិធីជិះកង់កម្សាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាព និងរាងកាយមាំមួន និងមានការចូលរួមពី ក្រុមសេនាយុត្តិធម៌ ក្រុមសាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

កម្មវិធីជិះកង់កម្សាន្តលក្ខណៈមិត្តភាព ដើម្បីសុខភាពបានចាប់ផ្តើមនៅម៉ោង៧:០០ព្រឹក ដោយធ្វើការជិះកង់ចេញពីរង្វង់មូល «ព្រះស្កន្ទគង់លើក្ងោក» នៅវិថីតេជោ តាមបណ្តាឆ្នេរអូឈើទាល និងឆ្នេរអូត្រេះ ដើមឈើចាំស្នេហ៍ ស្ពោះទៅកាន់ផ្លូវខ្មែរធ្វើបាន នឹងបញ្ចប់នៅរង្វង់មូលរាម។

ការជិះកង់កម្សាន្ត គឺដើម្បីសុខភាព បរិស្ថាន សាមគ្គីភាព ភាតរភាពនៃមហាគ្រួសារខ្មែរ ដោយភាពរីករាយ សុខក្សេមក្សាន្ត ក្រោមដំបូលសន្តិភាព នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា៕