(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញវិលនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេសុី ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចរបស់នេះ ត្រូវបានធ្វើឡើងដេីម្បីទទួលគ្រឿងឥស្សរិយយស ឥស្សរជនឆ្នើម (Tokoh Maál Hijrah) ថ្នាក់អន្តរជាតិ ដែលព្រះអង្គម្ចាស់ Al-Sultan Abdullah Ri'ayatuddin ព្រះមហាក្សត្រម៉ាឡេស៊ី បានប្រទានដល់លោកទេសរដ្ឋមន្ត្រី និងមួយរូបទៀតសម្រាប់ថ្នាក់ជាតិ គឺលោក Dato' Haji Othman bin Mustapha ដោយមានការអញ្ជើញចូលរួមពី លោក Dato' Seri Ismail Sebri Yakop នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក Datuk Haji Idres Ahmad រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា និងបណ្តារដ្ឋមន្ត្រីម៉ាឡេស៊ីច្រើនរូប នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នារាត្រីថ្ងៃទី២៩ កក្កដា ២០២២។

ក្នុងឱកាស នៃពិធីអបអរសាទរចូលឆ្នាំថ្មីឥស្លាម ព្រះមហាក្សត្រម៉ាឡេស៊ី តែងបានសព្វព្រះរាជហឫទ័យ ប្រទាននូវគ្រឿងឥស្សរិយយស ឥស្សរជនឆ្នើម ជាមុស្លិម ចំនួន២រូបប៉ុណ្ណោះ ដោយមួយរូបជាឥស្សរជនក្នុងប្រទេស និងមួយរូបទៀតជាឥស្សរជនបរទេស ដែលត្រូវបានជ្រេីសរេីសពីបណ្តាប្រទេសជាច្រេីននៅលេីពិភពលោក។

នៅឆ្នាំ២០១៩ ព្រះមហាក្សត្រម៉ាឡេស៊ី បានសព្វព្រះរាជហឫទ័យប្រទានដល់ឥស្សរជន ប្រទេសអារ៉ាប់រួមអេម៉េរ៉ាត, ឆ្នាំ២០២០ ប្រទានដល់ឥស្សរជនប្រទេស អេហ្ស៊ីប ដែលជាអតីតរដ្ឋមន្ត្រី ក្រសួងសាសនា និងនៅឆ្នាំ២០២១ កន្លងទៅនេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យថ្វាយទៅ Shiekh Dr. Muhammad Bin Abdulkarim Al-Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម និងជាទីប្រឹក្សាព្រះមហាក្សត្រព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោមបានលើកឡើងថា អ្វីដែលលោកទទួលបាននៅពេលនេះ គឺជាកិត្តិយសមួយសម្រាប់កម្ពុជាទាំងមូល ដោយសារសម្ដេចតេជោ បានផ្តល់ឱកាសដល់លោក ក្នុងការបម្រើការងារជូនជាតិមាតុភូមិ ក៏ដូចជាមានឱកាសបម្រើសហគមន៍ឥស្លាមនៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ដ្រីបានបន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចតែងតែ យកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាជនកម្ពុជាទូទៅ ដោយបានធ្វើឲ្យមានសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា និងសេរីភាពខាងជំនឿ ព្រមទាំងការរស់នៅដោយគ្មានការរើសអើងឡើយ។ នេះជាលើកទីមួយហើយ ដែលព្រះមហាក្សត្រនៃប្រទេសម៉ាឡេសុី បានសព្វព្រះរាជហឫទ័យប្រទានគ្រឿងឥស្សរិយយស ជូនឥស្សរជនអន្តរជាតិនៅតំបន់អាស៊ាន ខណៈពេលដែលកម្ពុជា ជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ លោកបណ្ឌិត ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេច Mohd Ali Mohd Rustam នៅព្រះបរមរាជវាំងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដោយជំនួបនោះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នេីសម្ដេច Mohd Ali Mohd Rustam ប្រធាន ពិភពពម៉ាឡាយូពិភពឥស្លាម ហៅកាត់ថា DMDI ផ្តល់អាហារូបករណ៍បន្ថែមដល់សិស្ស-និស្សិតកម្ពុជា បន្តការសិក្សា នៅតាមសាកលវិទ្យាល័យ នៅរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនេះ ក៏បានពិភាក្សាពីគម្រោងនៃកិច្ចប្រជុំ DMDI ដែលកម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០២២នេះ។ តាមគម្រោងកិច្ចប្រជុំដ៏ធំនេះ កម្ពុជានឹងត្រូវទទួលភ្ញៀវបរទេសអញ្ជេីញចូលរួមប្រមាណ៣០០នាក់។ កិច្ចពិភាក្សាក៏បានផ្តោតលេីការអភិវឌ្ឍសហគមន៍ឥស្លាមនៅកម្ពុជា ក៏ដូចជាការពង្រឹងការប្រតិបត្តិសាសនាឲ្យឈរលេីគោលការណ៍និយមកណ្តាលផងដែរ៕