(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃកប្បាស។

នៅក្នុងពិធីនោះក៏មានការចូលរួមពី ក្រុមការងារថ្នាក់កណ្តាល, ខេត្ត, ស្រុក, ឃុំ និងបណ្តាគណៈកម្មការគណបក្សឃុំទាំង៧ និងសមាជិក សមាជិការគណបក្សជាច្រើននាក់ផងដែរ។

លោក អ៉ិត សា ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃកប្បាស បានអានរបាយការណ៍ស្វាគមន៍ របស់អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា និងបញ្ជាក់បង្ហាញអំពីសកម្មភាពការងារកសាងពង្រឹកបក្ស ការគ្រប់គ្រងសមាជិក ឲ្យមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស និងបញ្ហាប្រឈមនានា ពិសេសបទពិសោធន៍ ចំណុចខ្លាំង ខ្សោយក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ និងមានការប្ដេជ្ញាបង្កើនសកម្មភាពអប់រំ ណែនាំ ដល់សមាជិកបក្សទាំងអស់ មានជំនឿជឿជាក់ ចូលរួមគាំទ្រគោលនយោបាយ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣ខាងមុខ។

នាឱកាសនេះ លោកបណ្ឌិត ពេជ សោភ័ន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ពិសេសពីសំណាក់ លោកកិត្តិនីតិកោសល្យបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តតាកែវ ជូនដល់ អង្គសន្និបាតទាំងមូលផងដែរ។

លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើង និងបានថ្លែងអំណរគុណដល់ក្រុមការងារ សមាជិក សមាជិកាបក្សទាំងអស់ ដែលបានចូលរួមធ្វើអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅទទួលបានជោគជ័យគួរជាទីមោទនៈបំផុត។ លោកក៏បានធ្វើការណែនាំ និងរំលឹកដល់ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្តធ្វើនូវសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ សម្រេចបានជោគជ័យជាស្ថាពរ៕